Khaby Lame ដែលមាន follower ច្រើនជាងគេលើ Tiktok បង្ហើបពីចំណូលដែលខ្លួនរកបាន គ្រាន់តែបង្ហោះមួយវីដេអូបានលុយរាប់សិបម៉ឺនដុល្លារ
បុគ្គលជោគជ័យ September 20, 2022 Naren

(អន្តរជាតិ)៖ ការប្រើប្រាស់បណ្ដាញសង្គមនៅលើអ៊ីនធើណិត មិនមែនសុទ្ធតែជាការចំណាយពេលគ្មានប្រយោជន៍នោះទេ។ ពោលគឺវាជាទីតាំងសម្រាប់ការកម្សាន្ដ ការចែករំលែក ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាដើម ហើយមានអ្នកខ្លះអាចរកចំណូលបានរាប់ម៉ឺន ឬលានដុល្លារ ពីបណ្ដាញសង្គមទាំងអស់នោះទៀតផង។ តួយ៉ាងលោក Khaby Lame តារា TikTok វ័យ ២២ឆ្នាំ ដ៏ល្បីល្បាញមួយរូប បានបង្ហើបប្រាប់នៅក្នុងសម្ភាសន៍ជាមួយទស្សនាវដ្តី Fortune កាលពីពេលថ្មីៗនេះថា គាត់អាចរកបានរហូតដល់ ៧៥០,០០០ដុល្លារ ក្នុងការបង្ហោះមួយលើកៗរបស់គាត់ ហើយគេរំពឹងថា គាត់នឹងអាចរកចំណូលបានរហូតដល់ ១០ លានដុល្លារ នៅចុងឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ fortune នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

មិនមែនត្រឹមតែការបង្ហោះនៅលើ Tik Tok មួយមុខនោះទេ Influencer ដែលមានអ្នកតាមដានច្រើនជាងគេរបស់វេទិកានេះ ក៏អាចប្រមូលប្រាក់ចំណូលតាមរយៈកិច្ចព្រមព្រៀងម៉ាកយីហោធំៗផងដែរ។ លោក Khaby Lame អាចរកបាន ៤០០,០០០ ដុល្លារ ក្នុងមួយឃ្លីបវីដេអូ ខណៈឃ្លីបដែលគាត់សហការជាមួយក្រុមហ៊ុន Hugo Boss រកបានរហូតដល់ ៤៥០,០០០ ដុល្លារឯនោះ។ លើសពីនេះ លោកបានបន្តកិច្ចសន្យាជាមួយស្ទូឌីយ៉ូហូលីវូដដ៏ធំមួយដែលមិនបានបញ្ជាក់ ក្នុងតម្លៃ ៧៥០,០០០ ដុល្លារ សម្រាប់ការបង្ហោះតែម្នាក់ឯងនៅលើ TikTok ។លើសពីកិច្ចព្រមព្រៀងដែលរកបានប្រាក់ចំណេញរបស់គាត់ បច្ចុប្បន្ន លោក Khaby Lame មានអ្នកតាមដាន ១៤៩.៥ លាននាក់ នៅលើវេទិកា TikTok ដែលធ្វើឱ្យគាត់ក្លាយជាអ្នកតាមដានច្រើនបំផុតនៅលើបណ្ដាញសង្គមមួយនេះ៕

ប្រភព៖ complex