ម្ចាស់យីហោសម្លៀកបំពាក់ឡើងភ្នំដ៏ល្បីមួយ ចោលងារជាមហាសេដ្ឋី ដោយបរិច្ចាគក្រុមហ៊ុនតម្លៃពាន់លានដុល្លារទៅឱ្យអង្គការដើម្បីសង្រ្គោះភពផែនដី
បុគ្គលជោគជ័យ September 15, 2022 Khmernote

លោក Yvon Chouinard ម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់ឡើងភ្នំដ៏ល្បីមួយឈ្មោះថា Patagonia និងជាមហាសេដ្ឋីពាន់លានដុល្លារ បានសម្រេចបរិច្ចាគក្រុមហ៊ុនរបស់ខ្លួន ទៅឱ្យអង្គការមិនរកប្រាក់ចំណេញ ដើម្បីសង្រ្គោះភពផែនដី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Time បានឱ្យដឹងថា ជាជាងលក់ក្រុមហ៊ុន ឬ ដាក់វាជាសាធារណៈ លោក Chouinard ប្រពន្ធរបស់គាត់ និងកូនចំនួនពីរនាក់ បានផ្ទេរកម្មសិទ្ធិរបស់ពួកគេនៅ Patagonia ដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន trust និងអង្គការមិនរកប្រាក់ចំណេញ។

ក្រុមហ៊ុន និងអង្គការទាំងនោះ ត្រូវបានបង្កើតឡើង ដើម្បីការពារឯករាជ្យភាពរបស់ក្រុមហ៊ុន និងធានាថាប្រាក់ចំណេញទាំងអស់របស់ក្រុមហ៊ុន Patagoni ប្រហែល ១០០លានដុល្លារក្នុងមួយឆ្នាំ ត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការពារដីមិនទាន់បានអភិវឌ្ឍនៅជុំវិញពិភពលោក។

មហាសេដ្ឋីវ័យ ៨៣ឆ្នាំ បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា៖ “សង្ឃឹមថាវានឹងមានឥទ្ធិពលលើទម្រង់ថ្មីនៃមូលធននិយមសម្រាប់អ្នកមានមួយចំនួនតូច និងក្រុមអ្នកក្រ។ យើង​នឹង​ផ្តល់​ប្រាក់​មួយចំនួន​ដល់​មនុស្ស​ដែល​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ ម​លើ​ការ​សង្គ្រោះ​ភព​ផែនដី​នេះ”។

យ៉ាងណាមិញ ក្រុមហ៊ុន Patagonia នឹងបន្តដំណើរការជាសាជីវកម្មឯកជនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុង Ventura រដ្ឋកាលីហ្វ័រញ៉ា ដោយលក់អាវ មួក និងខោជិះស្គីតម្លៃជាង ១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ប៉ុន្តែលោក Chouinards ដែលគ្រប់គ្រង Patagonia​ នឹងលែងជាម្ចាស់ក្រុមហ៊ុនទៀតហើយ។

គួរឱ្យដឹងថា ក្រៅពីការបរិច្ចាគខាងលើ លោក Chouinards បានបរិច្ចាគ ៩៨ ភាគរយផ្សេងទៀតនៃ Patagonia ដែលជាភាគហ៊ុនរួមរបស់ខ្លួនទៅឱ្យអង្គការមិនស្វែងរកប្រាក់ចំណេញដែលទើបបង្កើតថ្មីហៅថា Holdfast Collective ដែលឥឡូវនេះនឹងក្លាយជាអ្នកទទួលប្រាក់ចំណេញទាំងអស់របស់ក្រុមហ៊ុន និងប្រើប្រាស់មូលនិធិដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ Patagonia បានបរិច្ចាគ ៥០លានដុល្លារដល់ Holdfast Collective រួចហើយ ហើយរំពឹងថា នឹងបរិច្ចាគ ១០០លានដុល្លារទៀតនៅឆ្នាំនេះ ដែលធ្វើឱ្យអង្គការថ្មី ក្លាយជាតួអង្គសំខាន់មួយក្នុងជំនួយអាកាសធាតុ។ ដោយការលះបង់ទ្រព្យសម្បត្តិភាគច្រើនក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេ លោក Chouinards ប្រពន្ធរបស់គាត់ Malinda និងកូនពីរនាក់របស់ពួកគេគឺ Fletcher និង Claire ដែលមានអាយុ ៤០ឆ្នាំ បានកសាងកេរ្តិ៍ឈ្មោះថា ជាគ្រួសារសប្បុរសធម៌បំផុតនៅក្នុងប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ nytimes
រូបភាព៖ nbcnews, guim.co.uk, bharataawaz