លោក Tim Cook ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហើបឱ្យដឹងថា គាត់ធ្លាប់មានជម្លោះដ៏ធំបំផុតមួយជាមួយនឹងស្ថាបនិក Apple គឺលោក Steve Jobs។ លោក Tim Cook បាននិយាយនៅក្នុងសន្និសិទកូដប្រចាំឆ្នាំកាលពីថ្ងៃពុធថា ការជជែកគ្នាដ៏តឺងតែងបំផុតរបស់គាត់ជាមួយ Steve Jobs គឺជុំវិញការលក់ iPhone ។

នៅក្នុងសន្និសិទ នាយកប្រតិបត្តិរូបនេះ បានឆ្លើយទៅកាន់អ្នកកាសែតនៅពេលសួរអំពីតើអ្វីជាជម្លោះដ៏ធំបំផុតរបស់គាត់ជាមួយលោក Steve Jobs ថា គឺជាយុទ្ធសាស្ត្រលក់ iPhone របស់ក្រុមហ៊ុនមុនការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៧។ លោក Tim Cook រៀបរាប់ថា រូបលោកទាំងពីរបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំអំពីរបៀបលក់ទូរស័ព្ទដៃ iPhone តាមរយៈគំរូឧបត្ថម្ភធន ឬយុទ្ធសាស្ត្រចែករំលែកចំណូល ដែល Jobs ចង់បាន។
ពោលគឺ កាលនោះ លោក Cook ចង់ទៅតាមផ្លូវឧបត្ថម្ភធន ដែលមានន័យថាក្រុមហ៊ុនទូរស័ព្ទដូចជា AT&T នឹងបង់ប្រាក់ឱ្យ Apple នូវចំណែកនៃថ្លៃដើម iPhone ជាមុន។ ចំណែកឯ Jobs ចង់ទទួលបានផ្នែកមួយនៃប្រាក់ចំណូលប្រចាំខែរបស់ក្រុមហ៊ុនទូរស័ព្ទ ដែលមិនមែនជាស្តង់ដារឧស្សាហកម្មនៅពេលនោះ។ យ៉ាងណាមិញ ការជជែកយ៉ាងតឹងតែងបានបញ្ចប់ ដោយ Apple បានដើរលើផ្លូវរបស់ Jobs មុននឹងប្ដូរទៅគំនិតរបស់ Cook ដែលបានជួយរុញ iPhone ឲ្យទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ people.com, cnn, yimg, yimg