លោក តឹក ង៉ូយ គឺជាជនជាតិខ្មែរ ដែលត្រូវបានគេដាក់ងារឱ្យថា “ស្ដេចនំដូណាត់” ឬ “The Donuts King ” ដោយសារតែគាត់បានសាងអាណាចក្រនំដូណាត់ដ៏ល្បីល្បាញនៅរដ្ឋមួយក្នុងសហរដ្ឋអាមេរិក ហើយបានជួយជនជាតិខ្មែររាប់ម៉ឺននាក់ឲ្យមានការងារធ្វើ និងក្លាយជាថៅកែហាងនំដូណាត់ រាប់សិបកន្លែងនៅសហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bbc បានឱ្យដឹងថា មុនពេលក្លាយជា “ស្ដេចនំដូណាត់” លោក តឹក ង៉ូយ ជាមួយប្រពន្ធ និងកូន ៣នាក់ បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងការងើបឡើងនៃរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧០។ គាត់ និងប្រពន្ធរបស់គាត់បានភៀសខ្លួនទៅដល់រដ្ឋកាលីហ្វរញ៉ា ដោយកាលនោះការងារដំបូងដែលគាត់ធ្វើគឺជាអ្នកមើលការខុសត្រូវព្រះវិហារមួយកន្លែងក្នុងរដ្ឋ Orange County ដោយទទួលបានប្រាក់ខែ ៥០០ដុល្លារក្នុងមួយខែ។ ដោយសារចំណូលមិនគ្រប់ក្នុងការចំណាយ លោក តឹក ង៉ូយ បានរកការងារធ្វើបន្ថែមទៀតនៅស្ថានីយ៍ប្រេងឥន្ធនៈមួយ ដោយកាលនោះគាត់ធ្វើជាអ្នកលក់ទំនិញចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ១០យប់ និងធ្វើជាអ្នកចាក់សាំងពីម៉ោង ១០យប់ដល់ម៉ោង ៦ព្រឹក។
ក្នុងកំឡុងពេលធ្វើការ ជនជាតិខ្មែរភៀសខ្លួនរូបនេះ បានចាប់អារម្មណ៍ទៅលើហាងនំដូណាត់មួយកន្លែងនៅក្បែរនោះដែលមានឈ្មោះថា DK Donuts ដែលមានអតិថិជនដ៏ច្រើនក្នុងមួយថ្ងៃៗ។ ដោយយល់ឃើញថា ហាងដូណាត់នោះ គឺជាអាជីវកម្មដ៏ល្អ លោក តឹក ង៉ូយ បានចូលទៅសួរម្ចាស់ហាង ដោយមានបំណងចង់ចាប់ផ្ដើមបើកហាងដែរ ជាមួយដើមទុន ៣០០០ដុល្លារ តែត្រូវម្ចាស់ហាងណែនាំឱ្យទៅរៀនវគ្គបណ្ដុះបណ្ដាលសិន បើមិនដូច្នេះទេប្រៀបដូចជាលោកយកលុយមកបោះចោលទទេៗ។ ក្រោយមក លោក ង៉ូយ បានចូលរៀនតាមម្ចាស់ហាងណែនាំ ដោយកម្មវិធីបណ្តុះបណ្តាលដែលដំណើរការដោយខ្សែសង្វាក់នំដូណាត់ Winchell’s ហើយគាត់បានក្លាយជាសិក្ខាកាមអាស៊ីអាគ្នេយ៍ដំបូងគេរបស់ពួកគេ។ ប្រើពេល ៣ខែ លោក ង៉ូយ រៀនសូត្របានច្រើនទាំង ការធ្វើនំ ការមើលការខុសត្រូវលើការបើកប្រាក់ខែ និងការលក់ ហើយក្រោយមក Winchell’s បានផ្តល់ឱ្យគាត់នូវហាងមួយដើម្បីដំណើរការនៅលើ Balboa Pier ដែលជាកន្លែងទេសចរណ៍នៅលើឧបទ្វីប Newport។ ពេលនោះ លោក តឹក ង៉ូយ និងក្រុមគ្រួសារខិតខំធ្វើការណាស់ទាំងយប់ទាំងថ្ងៃ ហើយគ្រួសារនេះធ្វើការមួយថ្ងៃ ១២ ទៅ ១៧ម៉ោង ហើយខំសន្សំសំចៃលុយបំផុត។ ដោយសារការខំប្រឹង ទីបំផុត គាត់បានបើកហាងដូណាត់មួយទៀតដោយប្រើពេលតែមួយឆ្នាំ ហើយបន្ទាប់មកទៀតនៅពេលពួកគាត់សន្សំបានប្រាក់ចំនួន ៤០ម៉ឺនដុល្លារ លោក ង៉ូយ ក៏បានសម្រេចចិត្តពង្រីកហាងបន្ថែម ហើយសម្រេចចិត្តជួលហាងចាស់របស់គាត់ក្នុងតម្លៃទាបទៅឱ្យគ្រួសារខ្មែរដែលភៀសខ្លួនមកពីកម្ពុជា។ ពេលនោះហើយ ដែលគាត់បានចាប់ផ្ដើមស្វែងរកហាងនំដូណាត់បន្ថែមទៀត ដើម្បីទិញ និងជួលដល់ជនជាតិខ្មែរភៀសខ្លួន។
នៅឆ្នាំ១៩៨៥ រយៈពេល ១០ឆ្នាំបន្ទាប់ពីបានមកដល់សហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួន លោក តឹក ង៉ូយ និងភរិយា បានក្លាយជាមហាសេដ្ឋីដែលមានហាងនំដូណាត់ប្រហែល ៦០។ គាត់ត្រូវបានគេស្គាល់ថាជា “Donut King” ឬ “ពូតឹក” ដោយសារតែជនអន្តោប្រវេសន៍កម្ពុជាជាច្រើនដែលគាត់បានឧបត្ថម្ភ។ ជាងនោះទៅទៀតលោក ក៏ធ្លាប់ទទួលបានពានរង្វាន់ពី ប្រធានាធិបតីសហរដ្ឋអាមេរិក George HW Bush សម្រាប់ការទទួលបានជោគជ័យក្នុងអាជីវកម្មនៅអាមេរិកផងដែរ។ ខ្សែជីវិតរបស់លោក តឹក ង៉ូយ បានទាក់ទាញសារព័ត៌មានជាច្រើនមកកត់ត្រាទុក ដូចជា The LA Times, The Wall Street Journal, California Sunday និង The Phnom Penh Post ។ល។ ជាមួយគ្នានេះ លោកក៏បានចងក្រង ជីវប្រវត្តិរបស់គាត់ទៅជាសៀវភៅដែលមានឈ្មោះថា៖ “The Donut King” ដែលអាចរកទិញបាននៅលើ Amazone.com។ អ្វីដែលកាន់តែពិសេស ខ្សែជីវិតរបស់លោក ត្រូវបាន Alice Gu ដែលជាអ្នកផលិតភាពយន្តជនជាតិចិន-អាមេរិក បានថតជាខ្សែភាពយន្តឯកសារ៕
អត្ថបទ៖ លីនី
ប្រភព៖ bbc, scmp
រូបភាព៖ bbc, brightspotcdn, wsj.net, cargocollective, pbs.org