មហាសេដ្ឋី Jack Ma បង្ហាញពីរបៀបក្នុងការដឹកនាំជីវិតចាប់ពីអាយុ ២០ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យស្ដាយក្រោយ
បុគ្គលជោគជ័យ September 6, 2022 Khmernote

ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ត្រូវបានគេស្គាល់ថា បុរសដែលមានការតស៊ូក្នុងជីវិត និងលើវិថីជំនួញរបស់លោកយ៉ាងខ្លាំង ទម្រាំតែសម្រេចបានជោគជ័យ និងក្លាយជាបុគ្គល ដែលមនុស្សគ្រប់គ្នាកោតសរសើរ។ យោងតាមបទពិសោធន៍របស់អ្នកជំនួញដ៏ល្បីបំផុតរបស់ប្រទេសចិនរូបនេះ លោកបានប្រាប់ពីរឿងមួយចំនួន ដែលមនុស្សគ្រប់គ្នា​គួរតែចាប់ផ្ដើមជីវិតរបស់ពួកគេចាប់ពីអាយុ ២០ ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យមានការស្ដាយក្រោយដូចរូបលោក ហើយទទួលបានជោគជ័យក្នុងជីវិតដូចជា៖

១.​មុនពេលចូលដល់អាយុ ២០ឆ្នាំ៖​ អ្នកត្រូវធ្វើជាសិស្សល្អ ខិតខំរៀនសូត្រ ទទួលយកចំណេះដឹងឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធនៅក្នុងជីវិត។

២.មុនពេលចូលដល់អាយុ ៣០ឆ្នាំ ត្រូវរៀនសូត្រពីអ្នកណាម្នាក់៖ អ្នកត្រូវស្វែងរកក្រុមហ៊ុនតូចមួយ ដើម្បីធ្វើការ ព្រោះក្រុមហ៊ុនធំមិនល្អសម្រាប់អ្នកក្នុងការរៀនសូត្រពីដំណើរការនោះទេ។ នៅក្នុងក្រុមហ៊ុនតូចៗ អ្នកប្រៀបបានដូចជាផ្នែកនៃម៉ាស៊ីនដ៏ធំមួយ ដែលអាចរៀនសូត្រពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង រៀនពីក្ដីសុបិន្ត និងរៀនពីអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយ។ ដូច្នេះអ្នកត្រូវចាំថានៅមុនអាយុ ៣០ឆ្នាំ ការជ្រើសរើសក្រុមហ៊ុនមិនមែនជារឿងសំខាន់នោះទេ តែការជ្រើសរើសមេល្អដើម្បីជាគំរូទើបជារឿងត្រឹមត្រូវ ព្រោះមេល្អតែងតែបង្រៀនអ្នកខុសៗគ្នា។

៣.នៅចន្លោះអាយុ ៣០ឆ្នាំ ទៅ ៤០ឆ្នាំ៖ ប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនម្នាក់ អ្នកត្រូវគិតឲ្យច្បាស់ និងសួរខ្លួនឯង តើអ្នកចង់ធ្វើការសម្រាប់ខ្លួនឯងដែរ ឬ ទេ?​

៤.នៅចន្លោះអាយុ ៤០ឆ្នាំ ទៅ ៥០ឆ្នាំ៖ អ្នកត្រូវធ្វើអ្វីៗដែលអ្នកមាន កុំព្យាយាមហក់លោតទៅរកការងារថ្មី ព្រោះវាហួសពេលហើយ ទោះបីជាអ្នកអាចនឹងជោគជ័យតែត្រូវចាំថា ហានិភ័យមានច្រើន ដូច្នេះចន្លោះវ័យនេះអ្នកត្រូវផ្ដោតទៅលើអ្វីដែលអ្នកមាន និងគិតគូរឲ្យបានច្បាស់ពីរបៀបក្នុងការធ្វើរឿងទាំងនោះ។

៥.នៅចន្លោះអាយុ ៥០ឆ្នាំ ទៅ ៦០ឆ្នាំ៖ អ្នកត្រូវធ្វើការសម្រាប់មនុស្សជំនាន់ថ្មី ពីព្រោះមនុស្សជំនាន់ថ្មីអាចធ្វើរឿងជាច្រើនបានល្អជាងអ្នក ដូច្នេះអ្នកត្រូវពឹងផ្អែកលើពួកគេ វិនិយោគទុនជាមួយពួកគេ តែត្រូវប្រាកដថាពួកគេល្អ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់អ្នក។

៦.នៅអាយុលើសពី ៦០ឆ្នាំ៖ អ្នកត្រូវផ្ដល់ពេលសម្រាប់ខ្លួនឯង ធ្វើការសម្រាកលំហែកាយ ផ្ដល់ពេលសម្រាប់គ្រួសារឲ្យបានច្រើន ព្រោះនៅក្នុងជីវិតលោក Jack Ma មានរឿងស្ដាយក្រោយជាច្រើនដែរលោកបានធ្វើរហូតមកទល់សព្វថ្ងៃ មិនថាការចំណាយពេលសម្រាប់គ្រួសារ ឬ សម្រាប់ខ្លួនឯង ដោយលោកខិតខំ និងចំណាយពេលជាច្រើនដើម្បីធ្វើការ ហើយចំណាយពេលតិចតួចជាមួយគ្រួសារ រហូតដល់លោកគិតថាប្រសិនបើលោកមានជីវិតថ្មីមួយទៀតលោកនឹងមិនធ្វើរឿងដូចពីមុននោះទេ ៕

អត្ថបទ៖ លីនី
ប្រភព៖ /vulcanpost