មិនធម្មតា! លោក Gautam Adani អតីតកម្មករតម្រៀបពេជ្រ ក្លាយជាអ្នកមានបំផុតទី៣ លើលោក វ៉ាដាច់មេធំប្រ៊េន LV និងមេធំ Microsoft
បុគ្គលជោគជ័យ August 30, 2022 Khmernote

ទើបតែឡើងតំណែងជាអ្នកមានបំផុតទី៥ លើលោកកាលពីប៉ុន្មានខែមុន មកដល់ពេលនេះ មហាសេដ្ឋីជនជាតិឥណ្ឌា Gautam Adani កា្លយជា​អ្នកមានបំផុតលំដាប់ទី៣ លើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ នេះជាលើកទី១ ហើយមហាសេដ្ឋីជនជាតិអាស៊ី បានឈានជើងចូលក្នុងចំណាត់ថ្នាក់កំពូលអ្នកមានបំផុតទាំង ៣ របស់សន្ទស្សន៍មហាសេដ្ឋី Bloomberg សូម្បីតែមហាសេដ្ឋីឥណ្ឌា Mukesh Ambani និងមហាសេដ្ឋី Jack Ma ក៏មិនធ្លាប់ឈានដល់ចំណាត់ថ្នាក់នេះដែរ។

ជាមួយនឹងទ្រព្យសម្បត្តិ ១៣៧.៤ ពាន់លានដុល្លារ Adani បានវ៉ាដាច់លោក Bernard Arnault មហាសេដ្ឋីរបស់ប្រទេសបារាំង និងវ៉ាដាច់លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាអ្នកមានបំផុតទីបួនរបស់ពិភពលោកកាលពីខែមុន។ ហើយបច្ចុប្បន្នកំពុងតាមពីក្រោយ Elon Musk និង Jeff Bezos របស់សហរដ្ឋអាមេរិកនៅក្នុងចំណាត់ថ្នាក់អ្នកមានបំផុតលើលោក។

ររម្លឹកផងដែរថា មុនពេលក្លាយជាអ្នកជំនួញ ហើយទទួលបានងារជាមហាសេដ្ឋីលំដាប់ពិភពលោកនាបច្ចុប្បន្ននេះ លោក Gautam Adani គ្រាន់តែជានិស្សិតដែលបានបោះបង់ការសិក្សានៅឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Gujarat ហើយងាកមករកឧស្សា​ហកម្មពេជ្រ ដោយដំបូងធ្វើជាអ្នកតម្រៀបពេជ្រ ហើយក្រោយមកក៏បានក្លាយទៅជាពាណិជ្ជករនៅទីក្រុងបុមបៃ នេះបើយោងតាម Silicon India។ ជាមួយគ្នានេះដែរ បើយោងតាម Bloomberg មហាសេដ្ឋីឥណ្ឌារូបនេះ បានបង្កើតក្រុមហ៊ុន Adani Enterprises ក្នុងឆ្នាំ១៩៨៨ បន្ទាប់ពីគាត់បានចូលរួមជាមួយបងប្រុសរបស់គាត់ក្នុងការគ្រប់គ្រងក្រុមហ៊ុនផ្លាស្ទិក។ បច្ចុប្បន្ន Adani គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Adani Enterprises កំពង់ផែ Adani និងតំបន់សេដ្ឋកិច្ចពិសេស និងជានាយកនៃក្រុមហ៊ុន Adani Power, Adani Transmissions, Adani Total Gas និង Adani Green Energy។

Adani អាយុ ៦០ឆ្នាំ បានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីពង្រីកក្រុមហ៊ុនធ្យូងថ្មរបស់គាត់ទៅកំពង់ផែ និងពង្រីកគ្រប់យ៉ាងរាប់ចាប់ពីពីមជ្ឈមណ្ឌលទិន្នន័យ រហូតដល់ក្រុមហ៊ុនស៊ីម៉ងត៍ ប្រព័ន្ធផ្សព្វផ្សាយ និងអាលុយមីញ៉ូម។ ឥឡូវនេះក្រុមហ៊ុននេះកាន់កាប់កំពង់ផែផ្នែកឯកជនដ៏ធំបំផុតរបស់ឥណ្ឌា និងប្រតិបត្តិករអាកាសយានដ្ឋាន អ្នកចែកចាយឧស្ម័នក្នុងទីក្រុង និងអ្នករុករករ៉ែធ្យូងថ្ម។ នៅពេលដែលចក្រភពរបស់គាត់ បានពង្រីកដល់ក្រុមហ៊ុនធំជាងគេមួយរបស់ពិភពលោក ជំរុញឱ្យមានការកើនឡើងទ្រព្យសម្បត្តិដ៏គួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ បានឈ្នះការវិនិយោគពីក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុន Warburg Pincus និង TotalEnergies SE ហើយការកើនឡើងនៃធ្យូងថ្ម ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានធ្វើឱ្យម៉ាស៊ីន turbocharged កើនឡើងបន្ថែមទៀត។ ទាំងអស់នេះហើយបាននាំឱ្យ Adani បានបន្ថែមប្រាក់ ៦០.៩ ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិរបស់គាត់ក្នុងឆ្នាំ២០២២ កើនឡើង ៥ដងច្រើនជាងមហាសេដ្ឋីផ្សេងៗ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo