Mark Zuckerberg មានទ្រព្យជាង ៦០ពាន់លានដុល្លារ មិនចាយលើសម្ភារៈនិយម និងរស់នៅលើជីវិតហាយសូឡើយ តែចាយលើរឿងទាំងនេះ
បុគ្គលជោគជ័យ August 16, 2022 Khmernote

លោក Mark Zuckerberg គឺជាបុគ្គលដែលមានឥទ្ធិពល និងស្ថិតនៅក្នុងចំណោមអ្នកមានបំផុតលើពិភពលោក។ ទ្រព្យសម្បត្តិរបស់ស្ថាបនិក និងជា CEO របស់ Facebook រូបនេះ កើនលើស ១០០ពាន់លានដុល្លារកាលពីឆ្នាំមុន ប៉ុន្តែថ្មីៗនេះដោយសារការប្រែបប្រួលមួយចំនួននៅលើពិភពលោក បានធ្វើឱ្យតួលេខទ្រព្យសម្បត្តិធ្លាក់ចុះដល់ ៦៤.៧ ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes។

បើទោះបីជាមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក៏ពិតមែន តែមហាសេដ្ឋីរូបនេះ ត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា Mark បានប្រើប្រាស់ និងដឹកនាំការរស់នៅដ៏សាមញ្ញ និងរាបទាបបំផុតជាមួយនឹងប្រពន្ធគឺលោកស្រី Priscilla Chan រួមទាំងកូនៗរបស់គាត់។ ជាក់ស្ដែងសារព័ត៌មានទាំងនោះបានបង្ហើបថា មហាសេដ្ឋីបច្ចេកវិទ្យាដ៏មានបំផុតម្នាក់នេះ មិនចំណាយប្រាក់ច្រើនទៅលើសម្ភារៈនិយមដូចជា ឡាន សំលៀកបំពាក់ គ្រឿងប្រើប្រាស់ទំនើបៗ និងការធ្វើដំណើរកម្សាន្តឡើយ ពោលគឺគេបានប្រទះឃើញ Mark ក្នុង Acura TSX , Honda Fit និងរថយន្ត Volkswagen Golf GTI ពណ៌ខ្មៅ ដែលរថយន្តទាំងនេះមានតម្លៃប្រហែល ៣០,០០០ដុល្លារ។ មិនតែប៉ុណ្ណោះ គេក៏តែងតែសង្កេតឃើញថា មហាសេដ្ឋីរូបនេះ មិន​ស្លៀកពាក់​ឡូយឆាយទេ ពោល​គឺ​ គាត់ស្លៀកពាក់​សាមញ្ញៗដោយខោ​ខូវប៊យ និងអាវយឺត។

ផ្ទុយពីការរស់នៅសាមញ្ញៗ Mark មិនមែនរស់នៅអោបក្រសោបទ្រព្យជាង ៦០ពាន់លានដុល្លារនោះទេ ពោលគឺ មហាសេដ្ឋីរូបនេះ ព្រមទាំងភរិយា បានចំណាយទ្រព្យដែលមានទៅលើរឿងសំខាន់ដូចជា៖

-ការទិញអចលន​ទ្រព្យ៖ គាត់ចាយលុយដោយសេរីលើអចលនទ្រព្យ ជាក់ស្ដែងនៅខែឧសភាឆ្នាំ២០១១ គាត់បានទិញផ្ទះទំហំ ៥,០០០ ម៉ែត្រការ៉េនៅ Palo Alto ក្នុងតម្លៃ ៧លានដុល្លារ ហើយបន្ទាប់មកគាត់បានទិញដីនៅក្បែរនោះទៀត។ នៅឆ្នាំបន្ទាប់ Zuckerberg បានចាប់ផ្តើមទិញអចលនទ្រព្យជុំវិញផ្ទះរបស់គាត់ ដោយចំណាយប្រាក់ជាង ៣០លានដុល្លារ ហើយគាត់ក៏បានទិញផ្ទះទំហំ ៥,៥០០ហ្វីតការ៉េក្នុងឆ្នាំ២០១៣។ ក្រោយមកទៀត ក៏ទិញនៅកោះហាវ៉ៃ ហើយក្នុងឆ្នាំ២០១៤ ផលប័ត្រអចលនទ្រព្យរបស់មហាសេដ្ឋីរូបនេះបានហក់ឡើងនៅពេលដែលគាត់បានចំណាយ ១០០លានដុល្លារលើអចលនទ្រព្យចំនួនពីរនៅលើកោះ Kaua’i: Kahu’aina Plantation អតីតចំការអំពៅទំហំ ៣៥៧ហិកតា និង Pila’a Beach មានទំហំ ៣៩៣ ហិកតា។ នៅក្នុងឆ្នាំ២០១៨ Zuckerberg ក៏បានទិញអចលនទ្រព្យដ៏ធំមួយទៀត។ ក្រៅពីនេះគាត់ក៏ទិញបន្ថែមលើអចលនទ្រព្យរបស់គាត់នៅហាវ៉ៃផងដែរ គឺនៅខែមីនាឆ្នាំ២០២១ គាត់បានចំណាយ ៥៣លានដុល្លារលើដីជិត ៦០០ហិកតានៅលើកោះ Kauai ហើយនៅក្នុងខែធ្នូគាត់បានទិញដី ១១០ហិកតាបន្ថែមទៀតនៅក្បែរនោះក្នុងតម្លៃ ១៧លានដុល្លារ។

– ការបរិច្ចាគទៅលើអង្គការសប្បុរសធម៌៖ Mark Zuckerberg និងប្រពន្ធរបស់គាត់មានទំនោរបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេទៅអង្គការសប្បុរសធម៌ ជាជាងការចំណាយទៅលើជីវិតរស់នៅ។ ជាក់ស្ដែង គាត់បានចូលរួមជាមួយលោក Bill Gates, Warren Buffett និងមហាសេដ្ឋី ជាង ២០០នាក់ផ្សេងទៀត ដែលបានប្តេជ្ញាថា នឹងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេដើម្បីមនុស្សធម៌។ គាត់គ្រោងនឹងលក់ ៩៩% នៃភាគហ៊ុន Facebook របស់គាត់ក្នុងអំឡុងពេលនៃជីវិតរបស់គាត់។ មិនតែប៉ុណ្ណោះ គាត់​មាន​គម្រោង​បរិច្ចាគ​យ៉ាង​សំខាន់​ដល់​អង្គការ​របស់​គាត់ និង​ភរិយា ដោយកាលពីខែកញ្ញាឆ្នាំ២០១៧ គាត់បានប្រកាសថាគ្រោងនឹងលក់ភាគហ៊ុនពី ៣៥ ទៅ ៧៥លានហ៊ុនក្នុងរយៈពេល ១៨ខែបន្ទាប់ ដើម្បីផ្តល់មូលនិធិដល់ Chan Zuckerberg Initiative ដែលមានតម្លៃសរុបចន្លោះពី ៦ពាន់លានដុល្លារទៅ ១២ពាន់លានដុល្លារ។ Chan Zuckerberg Initiative (CZI) គឺជាអង្គការសប្បុរសធម៌ដែល Zuckerberg បានបង្កើតជាមួយភរិយារបស់គាត់នៅក្នុងឆ្នាំ២០១៥ ដែលផ្តោតលើ “ការរៀនសូត្រផ្ទាល់ខ្លួន ការព្យាបាលជម្ងឺ ការភ្ជាប់មនុស្ស និងការកសាងសហគមន៍រឹងមាំ”។ លើសពីនេះ អ្នក​ទាំង​ពីរ​ក៏​បាន​បរិច្ចាគ​ក្នុង​ការ​ស្រាវជ្រាវ ដោយបានចំណាយប្រាក់រាប់ពាន់លានចូលទៅក្នុងការស្រាវជ្រាវដែលផ្តោតលើការព្យាបាលជំងឺរបស់ពិភពលោកស។ ដើម្បីសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់នេះ (CZI) បានបើកដំណើរការអង្គការមិនរកប្រាក់ចំណេញដែលមានឈ្មោះថា Biohub ដើម្បីចាប់ផ្តើមស្វែងរកការព្យាបាលសម្រាប់ជំងឺ រួមទាំងការស្រាវជ្រាវលើហ្សែន ជំងឺឆ្លង និងឧបករណ៍ដែលអាចផ្សាំបាន។ Zuckerberg ជឿជាក់ថា Biohub នឹងជួយពន្លឿនការស្រាវជ្រាវដើម្បីព្យាបាលជំងឺ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ yimg.com