ឪពុក Elon Musk ថា មិនមានមោទកភាពលើគាត់ទេ ទោះកូនជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលើលោកក៏ដោយ
បុគ្គលជោគជ័យ August 3, 2022 Khmernote

លោក Elon Musk គឺជាមហាសេដ្ឋីមានបំផុតនៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើនលើពិភពលោកដូចគ្នា។ ប៉ុន្តែភាពជោគជ័យរបស់ Musk ទំនងជាមិនទាន់គ្រប់គ្រាន់ ដើម្បីធ្វើឱ្យឪពុករបស់គាត់គឺលោក Errol Musk មានមោទនភាពចំពោះគាត់នោះទេ។

អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។

ជាមួយគ្នានេះដែរ នៅពេលដែលពិធីករគឺលោក Jackie O បានសួរទៅកាន់ឪពុករបស់ Elon ថា កូនចៅរបស់អ្នក គឺជាមនុស្សពូកែម្នាក់។ គាត់ជាមហាសេដ្ឋីមានបំផុតលើលោកដែលមានលុយច្រើន ហើយបានបង្កើតរឿងជោគជ័យជាច្រើន តើអ្នកមានមោទកភាពទេ?

លោក Errol Musk បានបដិសេធភ្លាមៗ ហើយលើកឡើងថា៖ “ទេ! អ្នកដឹងអត់? ពួកយើងជាគ្រួសារមួយដែលធ្វើ និងសម្រេចរឿងជាច្រើនមកហើយ មិនមានអ្វីត្រូវមានមោទកភាពនោះទេ ព្រោះពួកយើងមិនមែនទើបតែជោគជ័យ ឬ ចាប់ផ្ដើមសម្រេចបាននូវអ្វីដែលយើងធ្វើនាពេលបច្ចុប្បន្ននោះទេ”។

ទន្ទឹមនឹងនេះ បុរសវ័យ ៧៦ឆ្នាំ បានបន្ថែមថា “មោទកភាព និងសេចក្តីរីករាយ” ពិតប្រាកដរបស់គាត់ គឺចំពោះកូនប្រុសរបស់គាត់ឈ្មោះថា Kimbal អាយុ ៤៩ឆ្នាំ ដែលគាត់ចាត់ទុកថាជាសំណាង ព្រោះ Kimbal បានរៀបអាពាហ៍ពិពាហ៍ជាមួយសកម្មជនបរិស្ថាន Cristiana Wyly ។ បន្ទាប់មកគាត់បានសម្តែងការព្រួយបារម្ភថា Elon ប្រហែលជាមិនអាចស្វែងរកដៃគូដែលនឹងលះបង់សម្រាប់គាត់បានបែបនេះនោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ nypost, wp.com, insider