មុនធ្លាក់ចេញពីទីផ្សារ នាយកប្រតិបត្តិ Nokia បាននិយាយទាំងអួលដើមករថា៖ “យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែចុងក្រោយយើងចាញ់គេ”
បុគ្គលជោគជ័យ August 1, 2022 Khmernote

យោងតាមអត្ថបទមួយដែលបានចុះផ្សាយនៅលើបណ្ដាញ linkedin បានឱ្យដឹងថា នាយកប្រតិបត្តិ Nokia បាននិយាយទាំងអួលដើមករថា៖ ” យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែចុងក្រោយយើងចាញ់គេ”។ នាយកប្រតិបត្តិ Nokia បាននិយាយបែបនេះ នៅពេលបញ្ចប់សុន្ទរកថារបស់គាត់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីឆ្នាំ២០១៦ ដែលធ្វើឡើងដើម្បីប្រកាសថា NOKIA ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Microsoft។

នៅពេលដែលនិយាយចប់ ទាំងនាយកប្រតិបត្តិ Nokia និងគណៈ​គ្រប់​គ្រង​ទាំង​អស់ បាន​ស្រក់​ទឹក​ភ្នែក​យ៉ាង​ក្រៀម​ក្រំ និងសោស្ដាយជាពន់ពេក។ ជាការពិតណាស់ Nokia គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅលើពិភពលោក ហើយក្រុមហ៊ុននេះមិនបានធ្វើអ្វីខុសនោះឡើយ ប៉ុន្តែពិភពលោកបានផ្លាស់ប្តូរលឿនពេក ហើយគូប្រជែងរបស់ពួកគេក៏មិនអន់ដែរ។

ពួកគេមិនបានធ្វើអ្វីខុស តែពួកគេខកខានក្នុងការរៀន ពួកគេខកខានក្នុងការផ្លាស់ប្តូរ ដូច្នេះហើយធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការរៀបចំផលិតថ្មីៗ​ឱ្យទាន់តម្រូវការអ្នកប្រើប្រាស់ និងដើម្បីបោះជំហានទៅមុខទៀត។ មិន​ត្រឹម​តែ​បាត់​ឱកាស​រក​ប្រាក់​ច្រើន​នោះ​ទេ ពួក​គេក៏​បាត់​បង់​ឱកាសក្នុងការឈរជើងនៅលើទីផ្សារផងដែរ។

តាមរយៈរឿងនេះ បានផ្ដល់ជាសារមួយថា ប្រសិនបើអ្នកមិនផ្លាស់ប្តូរទេ អ្នកនឹងត្រូវដកចេញពីការប្រកួត។ វាមិនខុសទេ ប្រសិនបើអ្នកមិនចង់រៀនអ្វីថ្មីៗ ឬ កែលម្អ តែត្រូវចាំថាប្រសិនបើគំនិត និងផ្នត់គំនិតរបស់អ្នកមិនអាចតាមទាន់សម័យកាល ឬ សង្គមដែលកំពុងដើរទៅមុខយ៉ាងឆាប់រហ័សទេនោះ អ្នកនឹងក្លាយជាអ្នកចាញ់ បរាជ័យទាំងមិនបានសាងកំហុស ឬពិភពលោកមិនទទួលស្គាល៕

អត្ថបទ៖ លីនី
ប្រភព៖ linkedin
រូបភាព៖ bbci, cdn.vox, eleconomista