ស្ងាត់ៗ! លេចដំណឹងថា មហាសេដ្ឋី Elon Musk គ្រោង​សាងសង់ព្រលានយន្តហោះ​ផ្ទាល់ខ្លួន​មួយ​កន្លែង
បុគ្គលជោគជ័យ July 30, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយថា មហាសេដ្ឋី Elon Musk កំពុងត្រៀមសាងសង់ ព្រលាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​កន្លែងនៅភាគខាងកើតទីក្រុង Austin។ កាលពីខែមិថុនា សារព័ត៌មាន Austin Business Journal បានរាយការណ៍ថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីរូបនេះ បានកាន់កាប់ដីជាច្រើនហិកតានៅជិត Bastrop County ដែលស្ថិតនៅភាគខាងកើតនៃតំបន់រោងចក្រថ្មីរបស់ Tesla គឺ Giga Texas។

ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០២១ ក្រុមហ៊ុន The Boring Company ដែលជាអាជីវកម្មមួយផ្សេងទៀតដែលបង្កើតឡើងដោយលោក Elon Musk បានទិញផ្ទៃដីយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ Bastrop County។ ទោះជាយ៉ាងណាក្ដី មិនទាន់មានព័ត៌មានលម្អិតណាមួយអំពីការ​សាងសង់​ត្រូវបាន​បញ្ចេញ​ជា​ផ្លូវការនោះទេមកទល់ពេលនេះ។

គួររម្លឹកផងដែរថា កាលពីខែឧសភា ឆ្នាំ២០២០ Musk បានសរសេរនៅលើ Twitter ថា គាត់បានលក់ទ្រព្យសម្បត្តិស្ទើរតែទាំងអស់ សូម្បីតែផ្ទះនៅផ្ទាល់ខ្លួន ហើយមកជួលផ្ទះគេនៅវិញ។ កាលនោះ គាត់បានបន្ថែមថា គាត់មិនត្រឹមតែមិនមានផ្ទះនោះទេ សូម្បីតែកាប៉ាល់ ឬនាវាកម្សាន្តផ្ទាល់ខ្លួនក៏មិនមានដែរ តែគាត់មានយន្តហោះផ្ទាល់ខ្លួនទុកសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះប្រសិនបើលោកមិនប្រើយន្តហោះទេ លោកនឹងមិនមានពេលធ្វើការងារច្រើនឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ tag24
រូបភាព៖ texasmonthly, newsweek, teslarati