មហាសេដ្ឋី Bill Gates បរិច្ចាគភាគហ៊ុនតម្លៃ ៦ពាន់លានដុល្លារបន្ថែមទៀតដល់មូលនិធិសប្បុរសធម៌ ក្រោយប្រកាសឈប់ធ្វើអ្នកមាន
បុគ្គលជោគជ័យ July 26, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះបានឱ្យដឹងថា មហាសេដ្ឋី Bill Gates បាន ផ្ដល់ភាគហ៊ុនដែលមានតម្លៃ ៦ពាន់លានដុល្លារ កាលពីសប្ដាហ៍មុនដល់មូលនិធិសប្បុរសធម៌របស់គាត់គឺ Bill & Melinda Gates បន្ថែមទៀត។

ប្រភពដដែលបានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានបរិច្ចាគភាគហ៊ុនជិត ៥.២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Canadian National Railway Co ដល់មូលនិធិ Bill & Melinda Gates Foundation នេះបើតាមឯកសារ SEC ដែលបានបង្ហាញ។ ជាមួយគ្នានោះគាត់ក៏បានផ្តល់ភាគហ៊ុនដែលមានតម្លៃ ៩៩៥ លានដុល្លារនៅក្នុងក្រុមហ៊ុន Deere & Co. ដល់មូលនិធិកាលផងដែរ ពីថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ផងដែរថា លោក Bill Gates កាលពីពេលថ្មីៗនេះបានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយវិបត្តិធំៗនៅលើពិភពលោក និងប្រកាសបរិច្ចាគទ្រព្យទាំងអស់ដល់មូលនិធិសប្បុរសធម៌ ហើយចុះចេញពីតំណែងអ្នកមានបំផុតលើពិភពលោក​។ ប៉ុន្តែបើយោងតាមចំណាត់ថ្នាក់របស់ Bloomberg និង Forbes បានឱ្យដឹងថា លោក Bill Gates នៅតែជាមហាសេដ្ឋីលំដាប់ទី ៥ របស់ពិភពលោក បើទោះបីជាបានផ្តល់ភាគហ៊ុនដែលមានតម្លៃជាង ៦ពាន់លានដុល្លារក្នុងសប្តាហ៍នេះដល់មូលនិធិសប្បុរសធម៌របស់គាត់ក៏ដោយ។

ជាក់ស្ដែង បច្ចុប្បន្ននេះ លោក Gates មានទ្រព្យសម្បត្តិចំនួន ១១២ ពាន់លានដុល្លារ នេះបើយោងតាម ​​Bloomberg ដោយស្ថិតនៅចំណាត់ថ្នាក់អ្នកមានបំផុតលើពិភពលោកបន្ទាប៉ពីមហាសេដ្ឋី Elon Musk, Jeff Bezos, Bernard Arnault និង Gautam Adani របស់ប្រទេសឥណ្ឌា៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ borgenproject, panafricanvisions, seattlebusinessmag, asmedia,akamaized