មហាសេដ្ឋី Bill Gates ព្រមានពីជំងឺដ៏កាចសាហាវមួយ ដែលទើបលេចឡើងជាថ្មីម្ដងទៀត ក្រោយបាត់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ
បុគ្គលជោគជ័យ July 25, 2022 Khmernote

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានព្រមានពីជំងឺដ៏កាច.សាហាវមួយដែលបាត់វត្តមានអស់ជាច្រើនឆ្នាំមកហើយ នោះគឺជំងឺ “ប៉ូលីយ៉ូ” ឬជាធម្មតាគេតែងហៅថាជំងឺ “គ្រុនស្វិតដៃជើង”។ មហាសេដ្ឋីរូបនេះ បានលើកឡើងពីការព្រមាននេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញករណីអ្នកឆ្លងជំងឺ “គ្រុនស្វិតដៃជើង” ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ កាលពីថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០២២។

មិនរង់ចាំយូរលោក Gates បានព្រមានភ្លាមៗនៅក្នុងការបង្ហោះនៅលើ Twitter នៅថ្ងៃទី២២ ខែកក្កដាថា “ការរកឃើញករណីថ្មីនៃជំងឺគ្រុនស្វិតដៃជើង​ គឺរំលឹកយើងថា វានៅតែជាជំងឺគំរាមកំហែងដល់យើងទាំងអស់គ្នា លុះត្រាតែយើងអាចលុបបំបាត់វាបានទើបជាការប្រសើរ”។

គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីចិត្តធម៌ Bill Gates បានធ្វើការជាច្រើនឆ្នាំ ដើម្បីលុបបំបាត់ជំងឺមួយចំនួននៅជុំវិញពិភពលោក។ គាត់តែងតែត្រូវបានគេហៅថា ជាវេជ្ជបណ្ឌិតដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ ការដាក់ងារនេះ គឺព្រោះតែលោក Gates បានលះបង់ការខិតខំប្រឹងប្រែងរបស់គាត់ទៅលើបញ្ហាសុខភាពរបស់ប្រជាជននៅលើពិភពលោក។ មិនតែប៉ុណ្ណោះមហាសេដ្ឋីរូបនេះបានក្លាយ ជាម្ចាស់ជំនួយដ៏ធំបំផុតមួយដល់អង្គការសុខភាពពិភពលោក (WHO)។ ហើយតាមរយៈមូលនិធិ Bill and Melinda Gates ដែលជាសហស្ថាបនិកជាមួយអតីតភរិយារបស់គាត់ Melinda French Gates គាត់ផ្តល់មូលនិធិដល់គម្រោងសុខភាព និងភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្មវិធីស្រាវជ្រាវជំងឺគ្រុនចាញ់ និងកម្មវិធីចាក់វ៉ាក់សាំង។ គាត់ក៏បានធ្វើឱ្យការលុបបំបាត់ជំងឺមួយចំនួនជាអាទិភាពផងដែរ៕

អត្ថបទ៖ លីនី
រូបភាព៖ yahoo
ប្រភព៖ insider, bbc, vanguardngr