មហាសេដ្ឋី Elon Musk ណែនាំឱ្យមនុស្ស និងសហគ្រិនជាច្រើន ធ្វើអាជីកម្មមួយនេះដឹងតែលុយចូលឆឹបៗ ហើយមិនខាតទេ
បុគ្គលជោគជ័យ July 23, 2022 Khmernote

លោក Elon Musk អ្នកមានបំផុតលើពិភពលោក កំពុងអំពាវនាវឱ្យមនុស្សជាច្រើន ជាពិសេសគឺសហគ្រិនឈានជើងចូលទៅក្នុងអាជីវកម្មចម្រាញ់លីចូម ដែលជាវត្ថុធាតុដើមដ៏សំខាន់មួយសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla កាលពីថ្ងៃពុធ បានជំរុញឱ្យសហគ្រិនចាប់ផ្តើមបណ្តាក់ទុនលើការចម្រាញ់ពីលីចូម ដោយអះអាងថា អាជីវកម្មនេះនឹងក្លាយជាម៉ាស៊ីនបោះពុម្ពលុយសម្រាប់អ្នក ហើយអ្នកមិនខាតបង់ឡើយ។

ជាមួយគ្នានេះដែរ មហាសេដ្ឋីរូបនេះបានកត់សម្គាល់ថា លីចូមមានច្រើនណាស់ ប៉ុន្តែបញ្ហាត្រង់ថា ការចម្រាញ់លីចូមមកជាវត្ថុធាតុដើមប្រើនៅក្នុងអាគុយរថយន្តអគ្គិសនីមានតិចតួច។ ដូច្នេះហើយ​ Musk បានណែនាំឱ្យអ្នកចង់ចាប់យកអាជីវកម្មនេះ ត្រូវតែចម្រាញ់លីចូមទៅជាលីចូមកាបូណាត និងលីចូមអ៉ីដ្រូអុកស៊ីត កម្រិតថ្ម ដែលត្រូវតែមានភាពបរិសុទ្ធខ្ពស់”។

គួរបញ្ជាក់ផងដែរថា ដោយសារការផ្លាស់ប្ដូរជាសកលទៅរកការប្រើប្រាស់យានយន្តអគ្គិសនីបានជំរុញឱ្យលីចូមមានតម្រូវការកាន់តែច្រើន ហើយជំរុញឱ្យតម្លៃរបស់វាកើនឡើងផងដែរនៅឆ្នាំនេះ។ ជាក់ស្ដែង តម្លៃលីចូមបានកើនឡើងច្រើនជាងទ្វេដងចាប់តាំងពីខែមករា ហើយបានកើនឡើងជិត ៤០០% នៅក្នុងឆ្នាំមុន នេះបើយោងតាមក្រុមហ៊ុន Benchmark Mineral Intelligence។ ទន្ទឹមនឹងនេះ អ្នកជំនាញមួយចំនួនមានការព្រួយបារម្ភថា នឹងមិនមានថ្មលីចូមកម្រិតថ្មគ្រប់គ្រាន់សម្រាប់ដំណើរការនោះទេ ខណៈដែលក្រុមហ៊ុនផលិតរថយន្តបង្កើនល្បឿនផលិតម៉ូដែលអគ្គិសនីនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ prnasia, nsenergybusiness, insider