បុរសមានបំផុតនៅអាស៊ី លោក លី កាស៊ីង ប្រាប់ដំបូន្មានក្នុងការជ្រើសរើសមិត្ត ដែលល្អ និងគួរជៀសវាងមិត្ត ១ប្រភេទនេះ
បុគ្គលជោគជ័យ July 22, 2022 Khmernote

មហាសេដ្ឋី លី កាស៊ីង សព្វថ្ងៃមានអាយុ ៩៤​ឆ្នាំ ហើយគាត់នៅតែជាអ្នកមានបំផុតក្នុងទីក្រុងហុងកុង ជាមួយនឹងទ្រព្យសម្បត្តិ ៣៥.៨ ពាន់លានដុល្លា​រ។ លោក លី គឺជាវិនិយោគិនដ៏អស្ចារ្យ និងជាសប្បុរសជនមួយរូប ហើយធ្លាប់ជាប់ជាបុរសខ្លាំងបំផុតរបស់អាស៊ី ដោយទស្សនាវដ្តីអាស៊ីក្នុងឆ្នាំ២០០១ ដោយបានកាន់កាប់បល្ល័ង្កនៃបុរសមានបំផុតរបស់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ នៅទីក្រុងហុងកុង មនុស្សម្នាកោតសរសើរមហាសេដ្ឋីវ័យរូបនេះ រហូតដល់ហៅគាត់ថា “Superman” ដោយសារតែភាពជោគជ័យរបស់គាត់ក្នុងអាជីវកម្ម ក៏ដូចជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅនៃជីវិតរបស់គាត់។

មានពេលមួយកំឡុងពេលសំណេះសំណាលជាមួយនិស្សិតនៅសាកលវិទ្យាល័យហុងកុង មហាសេដ្ឋីរូបនេះបានណែនាំយុវជនឱ្យចេះជ្រើសរើសមិត្ត។ ក្នុងនោះ គាត់​បាន​និយាយ​ថា​៖ ​«​កុំ​ចេញ​ទៅ​ក្រៅ​ជាមួយ​មនុស្ស​ទំនេរ ពួកគេ​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ ប៉ុន្តែ​មនុស្សទំនេរទាំងនោះ​មិន​ទៅ​ធ្វើ​ការ​ឡើយ ព្រោះ​ពួក​គេ​គ្រាន់​តែ​ជ្រើស​រើស​អ្វីដើម្បី​ស្កប់​ចិត្ត​នឹង​ជីវិត​ប៉ុណ្ណោះ។ កាលណាយើងនិយាយជាមួយពួកគេកាន់តែច្រើន យើងកាន់តែរងផលប៉ះពាល់ដោយចិត្តគំនិត “មិនព្យាយាមធ្វើការ” ឬ រីករាយ និងធ្លាប់ពឹងផ្អែកលើអ្នកដទៃ ឬមិនទាន់មានតុល្យភាពលើជីវិតការងារ ទាំងដែលយើងមិនទាន់មានអាជីពសម្រាប់ខ្លួនឯងនៅឡើយ”។

ផ្ទុយទៅវិញមហាសេដ្ឋីរូបនេះ ណែនាំឱ្យយុវជនចេញក្រៅ ឬ ណាត់ជួបជាមួយអ្នកដែលឱ្យតម្លៃលើពេលវេលារបស់គេ ដូចជា អ្នកជំនួញ អ្នកមាន ជាដើម ព្រោះពួកគេមិនដែលខ្ជះខ្ជាយពេលវេលាទេ ពួកគេតែងតែប្រើរាល់វិនាទីដើម្បីធ្វើអ្វីដែលមានប្រយោជន៍។ សម្រាប់​ពួក​គេ ពេល​ទំនេរ​ក៏​ត្រូវ​រៀន និងកែ​លម្អ​ខ្លួន​ឯង ធ្វើ​ម៉េច​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង មិនបណ្ដោយឱ្យជីវិតលេចលង់។

ទន្ទឹមនឹងនេះ មហាសេដ្ឋី Li Ka Shing ក៏ធ្លាប់បាននិយាយដែរថា៖ “ពេលនៅក្មេង កុំខ្លាចភាពក្រីក្រ។ អ្នក​ត្រូវ​រៀន​ពី​របៀប​កែលម្អ​ភាព​វៃឆ្លាត និងសមត្ថភាពរបស់​អ្នក។ ខ្លឹមសារ​នៃ​ការ​លត់ដំខ្លួន​ គឺ​ការ​រៀន​ស្គាល់​នូវ​អ្វី​ដែល​ចាំបាច់​ និង​មាន​តម្លៃ​ក្នុង​ការ​វិនិយោគ។ កាត់បន្ថយការញ៉ាំអាហារនៅក្រៅ បើលទ្ធភាពយើងនៅមានកម្រិត។ នៅពេលអ្នកអញ្ជើញនរណាម្នាក់មកទទួលទានអាហារពេលល្ងាច សូមប្រាកដថា គេគឺជាមនុស្សដែលសុបិនធំ ហើយធ្វើការខ្លាំងជាងអ្នក។ មនុស្ស​ដែល​ចូលចិត្ត​តែ​សប្បាយ​ច្រើន​ នឹងត្រូវលេចលង់ដោយងាយ។ ត្រូវចាំថា នៅពេលដែលអ្នកខ្ជិល តែងតែមានមនុស្សឧស្សាហ៍ព្យាយាម ត្រៀមខ្លួនទទួលយកឱកាស និងជំនួសតំណែងរបស់អ្នក”៕

អត្ថបទ៖ លីនី
ប្រភព៖ hardwarezone
រូបភាព៖ cnbcfm, lksf.org, worldnews52