លោក Bill Gates មហាសេដ្ឋីចិត្តធម៌ បរិច្ចាគលុយផ្ទាល់ខ្លួន ២០ពាន់លានដុល្លារ ដើម្បីជួយសម្រួលវិបត្តិធំៗ ៣ កំពុងកើតមានលើពិភពលោក
បុគ្គលជោគជ័យ July 14, 2022 Khmernote

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងបិរច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារ ទៅក្នុងមូលនិធិសប្បុរសធម៌ Bill & Melinda Gates ដែលគ្រប់គ្រង​ដោយលោក និងអតីតភរិយារបស់គាត់គឺអ្នកស្រី Melinda French Gates។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។

ការបរិច្ចាគទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិត្តធម៌រូបនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការចំណាយប្រចាំឆ្នាំរបស់មូលនិធិ ដើម្បីសម្រួលលើវិបត្តិធំៗដែលកំពុងកើតមានដូចជា៖ ជំងឺរាតត្បាតកូវីដ-១៩ ,សង្គ្រា.មនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ លោក Bill Gates បាននិយាយនៅក្នុងការបង្ហោះប្លុកផ្ទាល់ខ្លួនកាលពីថ្ងៃពុធថា៖ ” ការបរិច្ចាគនេះនឹងជួយដល់មូលនិធិ Bill & Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ឯកជនដ៏ធំបំផុតរបស់ពិភពលោក បង្កើនការចំណាយប្រចាំឆ្នាំរបស់ខ្លួនពី ៥០% ទៅដល់ ៩ ពាន់លានដុល្លារនៅឆ្នាំ២០២៦”។

មហាសេដ្ឋីរូបនេះ បាននិយាយដោយសំដៅទៅលើជំងឺរាតត្បាតកូវីដ-១៩ សង្គ្រា.មនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ លោកបានបន្ថែមថា ឥទ្ធិពលរួមនៃវិបត្តិ ដែលរួមមានអតិផរណាកើនឡើង បានបង្កើនតម្រូវការក្នុងការវិនិយោគបន្ថែមទៀត លើផ្នែកសំខាន់ៗរបស់មូលនិធិ គឺ សុខភាព ការអប់រំ សមភាពយេនឌ័រ និងការកាត់បន្ថយភាពក្រីក្រ ដូច្នេះហើយមូលនិធិនឹងត្រូវការចំណាយច្រើន។​ គួរបញ្ជាក់ផងដែរថា ការបរិច្ចាគនេះបាននាំឱ្យចំនួនទឹកប្រាក់សរុបរបស់អង្គការអាយុកាល ២២ឆ្នាំបានកើនឡើងដល់ចំនួនប្រហែល ៧០ពាន់លានដុល្លារ ដែលក្នុងនោះរួមមានជំនួយចំនួន ៣.១ ពាន់លានដុល្លារពីមហាសេដ្ឋី Warren Buffett កាលពីខែមុន៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាពពី៖ webmd, aljazeera, englishtribuneimages