មហាសេដ្ឋី Bill Gates គ្រោងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ទៅមូលនិធិសប្បុរសធម៌ ហើយចុះចេញពីបញ្ជីអ្នកមានបំផុតលើពិភពលោក
បុគ្គលជោគជ័យ July 15, 2022 Khmernote

មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីថ្ងៃពុធ កន្លងទៅនេះ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារទៅមូលនិធិរបស់គាត់ និងអតីតភរិយា ដើម្បីជួយសម្រួលដល់វិបត្តិធំៗចំនួន ៣ ដែលកំពុងកើតមាននៅលើពិភពលោក។ ក្រៅពីបរិច្ចាគនេះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ក៏បានប្រកាសថា គាត់គ្រោងនឹងលះបង់ទ្រព្យសម្បត្តិទាំងអស់ទៅមូលនិធិសប្បុរសធម៌របស់គាត់ ហើយគាត់នឹងចាកចេញពីបញ្ជីអ្នកមានបំផុតក្នុងពិភពលោក។

នៅលើបណ្ដាញសង្គម Twitter សហស្ថាបនិកក្រុមហ៊ុន Microsoft បានប្រកាសថា គាត់កំពុងផ្ទេរប្រាក់ចំនួន ២០ពាន់លានដុល្លារទៅកាន់មូលនិធិ “Bill & Melinda Gates Foundation” ក្នុងខែនេះ ដើម្បីបង្កើនការចំណាយដល់ ៩ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ដោយលើកឡើងពីវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត សង្រ្គា.មនៅអ៊ុយក្រែន និងកត្តាផ្សេងៗទៀត។

មហាសេដ្ឋីរូបនេះបានបន្ថែមថា៖ “នៅពេលខ្ញុំសម្លឹងមើលទៅអនាគត ខ្ញុំមានគម្រោងផ្តល់ទ្រព្យសម្បត្តិស្ទើរតែទាំងអស់របស់ខ្ញុំទៅឱ្យមូលនិធិ​ ហើយ​ខ្ញុំនឹងចុះចេញពីបញ្ជីអ្នកមានបំផុតរបស់ពិភពលោក”។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ នោះទេ ដែលមហាសេដ្ឋីអាមេរិករូបនេះ បានប្រកាសដូច្នេះ ពោលគឺ Gates បាននិយាយជាយូរមកហើយ ពីការលះបង់ទ្រព្យសម្បត្តិរបស់គាត់ ដោយលើកឡើងពីជំនឿពេញមួយជីវិតក្នុងការដោះស្រាយបញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ។ គាត់ថែមទាំងបាននិយាយថា ទ្រព្យសម្បត្តិរបស់គាត់នឹងមិនទុកឱ្យកូនរបស់គាត់ដើម្បីក្លាយជាមហាសេដ្ឋីទេ ចាប់តាំងពីគាត់បានបរិច្ចាគប្រាក់អស់ជាច្រើនមក។

គួរបញ្ជាក់ផងដែរ លោក Bill Gates បច្ចុប្បន្នមានទ្រព្យ ១១៤ពាន់លានដុល្លារ ស្ថិតនៅលំដាប់ទី៤ នៃបញ្ជីអ្នកមានបំផុតលើពិភពលោក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។ មហាសេដ្ឋីរូបនេះ រួមជាមួយអតីតភរិយា Melinda French Gates និងមហាសេដ្ឋី Warren Buffett បានបង្កើតគំនិតផ្តួចផ្តើមមួយដែលមានឈ្មោះថា “The Giving Pledge” ក្នុងឆ្នាំ២០១០ ជា “ចលនានៃសប្បុរសជនដែលប្តេជ្ញាផ្តល់ទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេដល់មនុស្សធម៌ ឬបុព្វហេតុសប្បុរសធម៌ ទាំងក្នុងជីវិត ឬតាមឆន្ទៈរបស់ពួកគេ”។ គំនិតផ្ដួចផ្ដើមនេះបានចុះហត្ថលេខាទទួលដោយមហាសេដ្ឋីជាង ២០០នាក់ជុំវិញពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាពពី៖ independent, magzter, startuptalky, fortune