មន្ត្រីជំនាញអះអាងថា កម្ពុជាត្រូវរង់ចាំយ៉ាងហោចណាស់ ក៏៤ឆ្នាំទៀតដែរ ដើម្បីស្តារស្ថានភាពភ្ញៀវទេសចរអន្តរជាតិឱ្យវិលត្រឡប់មកដូចដើមវិញ
បុគ្គលជោគជ័យ July 14, 2022 Khmernote

មន្ត្រីជំនាញអះអាងថា កម្ពុជាត្រូវរង់ចាំយ៉ាងហោចណាស់ក៏៤ឆ្នាំទៀតដែរ ដើម្បីស្តារ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិឱ្យវិលត្រឡប់មកដូចដើមវិញ ដូចមុនពេលមានវិបត្តិជំងឺ កូវីដ១៩ ខណៈភាពរាំងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់ សកលលោក។ នេះបើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។

យ៉ាងហោចណាស់ កម្ពុជាត្រូវចាំមើលដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាព និងចំនួនភ្ញៀវទេសចរអន្តរជាតិវិលទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មាន វិបត្តិជំងឺកូវីដ១៩ រីករាលដាល ខណៈភាពរាំងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយ សារវិបត្តិធំៗរបស់សកលលោក។

នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការ ស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានឱ្យដឹងថា «វិស័យទេសចរណ៍កម្ពុជាមានចក្ខុវិស័យប្រកប ដោយសុទិដ្ឋិនិយមថា នឹងអាចវិលទៅរកសភាពប្រហាក់ប្រហែលនឹងស្ថានភាពទេសចរណ៍ ឆ្នាំ២០១៩វិញ នៅក្នុងឆ្នាំ២០២៦»។ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា សម្ពាធពីកត្តាខាងក្រៅ មួយចំនួនដែលយើងកំពុងជួបនោះ មានដូចជាចរន្តនៃការធ្វើដំណើរទេសចរចេញក្រៅ សំខាន់ៗ លទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោលនយោបាយគ្មានកូវីដ-១៩ (Zero-COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខ ឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែន ឥទ្ធិពលនៃវិបត្តិ សេដ្ឋកិច្ចដែលបានធ្វើឱ្យមានការថមថយអំណាចទិញ គឺសុទ្ធបានជំរុញឱ្យមានការផ្លាស់ប្តូរ គោលដៅនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ម្យ៉ាងទៀត ការប្រកួតប្រជែងស្រួចស្រាល់ពីប្រទេសជិតខាងដែលជាគោលដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នា និងការផ្លាស់ប្តូរឥរិយាបទនៃការធ្វើដំណើររបស់ទេសចរជាសកលផងនោះ ក៏ជាកត្តារួមចំណែករាំងស្ទះក្នុងការទាក់ទាញកំណើននេះដែរ។ សម្ពាធពីកត្តាខាងក្រៅទាំងនេះហើយដែលអាចនឹងធ្វើឱ្យចក្ខុវិស័យទេសចរណ៍មានការប្រែប្រួល អាចឈានដល់ការពន្យារពេលនៃការងើបទ្បើងវិញទៅ រកស្ថានភាពប្រហាក់ ប្រហែលនឹងឆ្នាំ២០១៩ ដែលត្រូវពន្យារពេលដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧។

ទោះបីជាកម្ពុជាទទួលរងនូវវិបត្តិសកលលោកយ៉ាងនេះក្ដី ប៉ុន្តែជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញជា បន្តបន្ទាប់នូវវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់កម្ពុជាពិតជាមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩បានល្អប្រសើរ គួបផ្សំនឹងការដាក់ចេញនូវគោលនយោបាយជំនួយសេដ្ឋកិច្ច-សង្គមទាន់ពេលវេលា រួមមាន គោលនយោបាយលើកលែងពន្ធអាករ ការលើកលែងកម្រៃអាជ្ញាបណ្ណទេសចរណ៍ និងកម្មវិធីជំនួយសាច់ប្រាក់ដល់ជនក្រីក្រផងនោះ ពិតជាធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍មួយប្រកបដោយសុវត្ថិភាព និងបៃតងក្នុងតំបន់ និងសកលលោក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងតំបន់ដែល មានលក្ខខណ្ឌធ្វើដំណើរចេញ-ចូលប្រទេសមានភាពងាយស្រួល និងធានាបាននូវសុវត្ថិភាពជូនទេសចរជាតិ-អន្តរជាតិ។

ឯកឧត្ដមបានលើកឡើងទៀតថា ស្ថិតក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់នេះ ការចូលរួមមិនអាចខ្វះបានរបស់គ្រប់ភាគីពាក់ព័ន្ធ ដោយឈរលើគោលការណ៍ចតុភាគីរដ្ឋ-ឯកជន-ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ-ដៃគូនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី នឹងក្លាយជាចលករក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យវិលមករកភាពដើមវិញ ស្រប តាមចក្ខុវិស័យដែលបានចែងក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

គួររម្លឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦.៦លាននាក់ កើនឡើង៦.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ប៉ុន្តែដោយសារនាពេល បន្ទាប់កម្ពុជាត្រូវជួបនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរ ក៏ត្រូវធ្លាក់ចុះជាលំដាប់ ជាក់ស្ដែងនៅឆ្នាំ២០២០ មានភ្ញៀវអន្តរជាតិតែ១.៣លាននាក់ ធ្លាក់ចុះ-៨០.២ភាគរយ ហើយនៅឆ្នាំ២០២១ ទទួលបាន១៩ម៉ឺននាក់ ថយចុះ-៨៥ភាគរយ។ ទាំងនេះគឺដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង លើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ហើយមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤ភាគរយ ធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ -៨៤.៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ)។ កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២៕

ប្រភព៖ ក្រសួងព័ត៌មាន