បានទាំងព្រម! Rihanna ជោគជ័យទាំងលើវិថីសិល្បៈ និងជំនួញ ឥលូវក្លាយជាមហាសេដ្ឋីក្មេងជាងគេនៅអាមេរិក មានទ្រព្យសម្បត្តិ ១.៤ ពាន់លានដុល្លារ
បុគ្គលជោគជ័យ July 13, 2022 Khmernote

Rihanna តារាចម្រៀងដ៏ល្បីនៅអាមេរិក ថ្មីៗនេះ បានក្លាយជាមហាសេដ្ឋីបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង (self-made billionaire) វ័យក្មេងជាងគេបំផុតនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នតារាស្រីវ័យ ៣៤ឆ្នាំ រូបនេះបានកាន់កាប់ទ្រព្យសម្បត្តិ ១.៤ពាន់លានដុល្លារ ហើយនេះក៏ជាឆ្នាំទី៣ ហើយ ដែល Rihanna បានជាប់នៅក្នុងបញ្ជីប្រចាំឆ្នាំរបស់ Forbes នៃស្ត្រីដែលមានជាងគេបំផុតនៅអាមេរិក។

យោងតាមសារព័ត៌មាន cnbc ក្នុងចំនួនទ្រព្យសម្បត្តិ ១.៤ពាន់លានដុល្លាររបស់ Rihanna ភាគច្រើនបានមកពីក្រុមហ៊ុនលក់រាយចំនួនបីរបស់នាងគឺ Fenty Beauty, Fenty Skin និង Savage X Fenty និងមួយចំនួនទៀតបានមកពីអាជីពចម្រៀងដ៏ជោគជ័យរបស់នាង។ ជាមួយគ្នានេះដែរ បើយោងតាមការរាយការណ៍របស់ Bloomberg កាលពីខែមីនា Savage X Fenty កំពុងធ្វើការជាមួយទីប្រឹក្សាលើការបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) ដែលអាចមានតម្លៃ ៣ពាន់លានដុល្លារ ខណៈ Rihanna កាន់កាប់ ៣០% នៃក្រុមហ៊ុននោះ។ ទន្ទឹមនឹងនេះ នាងក៏មានភាគហ៊ុនពាក់កណ្តាលនៃក្រុមហ៊ុន Fenty Beauty ដែលរកចំណូលបាន ៥៥០លានដុល្លារក្នុងឆ្នាំ២០២០ និងពាក់កណ្តាលទៀតនៃក្រុមហ៊ុននេះគ្រប់គ្រងដោយក្រុមហ៊ុនសំលៀកបំពាក់ប្រណីតរបស់បារាំង LVMH។

ទោះបីជាអាចរកប្រាក់បានច្រើន និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក៏ដោយ ម្ចាស់ពានរង្វាន់ Grammy Award ប្រាំបួនដងរូបនេះ មិនដែលមានគំរោងបោះបង់ចោលការងារនោះទេ ដោយនាងបាននិយាយថា « ខ្ញុំមិនដែលគិតថាអាចរកប្រាក់បានច្រើននោះទេ ដូច្នេះចំនួនទឹកប្រាក់មិនអាចបញ្ឈប់ខ្ញុំពីការធ្វើការងារឡើយ ហើយខ្ញុំនឹងបន្តធ្វើអ្វីដែលខ្ញុំចូលចិត្ត និងស្រលាញ់ »។ បន្ថែមពីនេះនាងបានគិតថា លុយមិនមែនជាកត្តាជំរុញឲ្យនាងបន្តអាជីពនោះទេ តែមានតែប្រាក់ចំណេញតែមួយគត់ ព្រោះវាបង្កើតឪកាសជាច្រើនដល់នាង ហើយលុយគ្រាន់តែអាចធ្វើឲ្យនាងថែរក្សាគ្រួសារ និង ជួយដល់ការធ្វើអាជីវកម្មដែលនាងចង់ធ្វើតែប៉ុណ្ណោះ។

លើសពីនេះទៅទៀតនាងក៏បានយល់ឃើញថា លុយដែលនាងរកបានមិនមែនជារបស់នាងនោះទេ នាងតែងតែគិតថានាងអាចជួយអ្នកដទៃទៀតបាន ដោយបង្កើតការងារផ្សេងៗ។ ជាក់ស្ដែង Rihanna បានបង្កើតមូលនិធិ Clara Lionel ក្នុងឆ្នាំ ២០១២ ដើម្បីជួយកែលំអគុណភាពអប់រំ និងការថែទាំសុខភាពសម្រាប់កុមារនៅក្នុងសហគមន៍ក្រីក្រ ដែលទាំងនេះហើយជាមូលហេតុធ្វើឲ្យនាងនៅតែបន្តការងាររបស់នាង ទោះបីជានាងមានប្រាក់ច្រើនយ៉ាងណាក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc
រូបភាពពី៖ snobette.com,billboard,hearstapps,cnbcfm