ក្រោយបាត់មុខបាត់មាត់អស់ពេលយ៉ាងយូរ តាមពិតមហាសេដ្ឋី Jack Ma សំងំរស់នៅយ៉ាងសាមញ្ញផ្ដោតលើរឿងមួយនេះ
បុគ្គលជោគជ័យ July 13, 2022 Khmernote

លោក Jack Ma ដែលត្រូវបានគេស្គាល់ថា ជាកំពូលលអ្នកជំនួញចិន និងធ្លាប់ជាមហាសេដ្ឋីមានបំផុតនៅប្រទេសចិន បានបង្ហាញខ្លួន ក្នុងសាកលវិទ្យាល័យមួយនៅកណ្ដាលប្រទេសហូឡង់ ក្រោយពីបាត់មុខបាត់មាត់អស់ពេលជាយូរបន្ទាប់ពីបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែកក្កដា ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Alibaba Group បានទៅទស្សនកិច្ចសាកលវិទ្យាល័យដ៏ល្បីល្បាញផ្នែកកសិកម្មមួយរបស់ហូឡង់ឈ្មោះថា Wageningen & Research (WUR) ដើម្បីស្វែងយល់ពីរបៀបកែលម្អផលិតកម្មម្ហូបអាហារប្រកបដោយនិរន្តរភាព។ ក្នុងដំណើរទស្សនកិច្ចនោះ មហាសេដ្ឋីបច្ចេកវិទ្យាចូលនិវត្តន៍អាយុ ៥៧ឆ្នាំរូបនេះ បានទៅទស្សនាផ្ទះកញ្ចក់បច្ចេកវិទ្យាខ្ពស់នៅក្នុងបរិវេណសាលាក៏ដូចជាប្រទេសហូឡង់ Plant Eco -phenotyping Centre នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់សាកលវិទ្យាល័យ។

ខាងសកលវិទ្យាល័យបានបន្តឱ្យដឹងថា មហាសេដ្ឋី Jack Ma ចង់ទទួលបានការយល់ដឹងអំពីការចិញ្ចឹមសត្វ និងនេសាទប្រកបដោយនិរន្តរភាព ដើម្បីលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងរបស់គាត់ទាំងស្រុងចំពោះវិស័យកសិកម្ម និងនិរន្តរភាពអាហារ រួមទាំងនៅវាលខ្សាច់ Gobi។ សាកលវិទ្យាល័យក៏បាននិយាយផងដែរថា Ma បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យវិស័យកសិកម្មកាន់តែមានភាពទាក់ទាញដល់អ្នកមានទេពកោសល្យវ័យក្មេង ហើយមានបំណងចង់ធ្វើទស្សនកិច្ចមួយផ្សេងទៀតនៅពេលអនាគត ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហការ។

យ៉ាងណាមិញនេះមិនមែនជាលើកទី១ ទេ ដែលមហាសេដ្ឋីរូបនេះ ទៅទស្សនកិច្ចនៅក្រៅប្រទេសដើម្បីស្វែងយល់ីវិស័យកសិកម្ម ជាក់ស្ដែងគឺកាលពីខែតុលាឆ្នាំមុន ក្នុងដំណើរទៅក្រៅប្រទេសលើកដំបូងរបស់គាត់ក្នុងរយៈពេលជាងមួយឆ្នាំ លោក Ma បានទៅទស្សនាស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនជាច្រើនក្នុងប្រទេសហូឡង់ និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការបង្កាត់ពូជរុក្ខជាតិ និងការបណ្តុះបណ្តាលជំនាញក្នុងវិស័យនេះ។ លោក Ma ត្រូវបានបំផុសគំនិតដោយអ្វីដែលគាត់បានឃើញនៅក្នុងទ្វីបអឺរ៉ុប ហើយជឿជាក់ថា ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាជាមួយនឹង cloud computing របស់ក្រុមហ៊ុន Alibaba ការវិភាគទិន្នន័យធំ និងបញ្ញាសិប្បនិម្មិត នឹងបង្កើតសក្តានុពលយ៉ាងខ្លាំងសម្រាប់ទំនើបកម្មកសិកម្មនៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រកាសចូលនិវត្តន៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មក មហាសេដ្ឋី Jack Ma ត្រូវបានគេសង្ស័យថា គាត់អាចនឹងត្រូវគេចាប់ខ្លួនព្រោះតែគាត់ធ្លាប់បានធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះធនាគាររដ្ឋចិនជាច្រើន ដោយសារមហាសេដ្ឋីរូបនេះមិនបានបង្ហាញ។ ប៉ុន្តែបើយោងតាម សហស្ថាបនិកក្រុមហ៊ុន Alibaba លោក Joe Tsai នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីខែមិថុនាឆ្នាំមុន បានឱ្យដឹងថា លោក Ma កំពុងសុទុក្ខធម្មតាទេ ខណៈពេលដែលចាប់យកចំណូលចិត្តថ្មីៗដូចជាការគូរគំនូរជាដើម។ លោក Tsai បានបន្តថា លោកនិយាយជាមួយ Ma ជារៀងរាល់ថ្ងៃ … Ma ពិតជាធ្វើបានល្អខ្លាំងណាស់”៕

អត្ថបទ៖ លីនី
ប្រភព៖ scmp