បុគ្គល ៣រូប បោះបង់ភាពសប្បាយក្នុងវ័យកុមារភាពចាប់ផ្ដើមអាជីពតាំងពីអាយុ ១៣ឆ្នាំ ឥលូវម្នាក់ៗសុទ្ធតែជាមហាសេដ្ឋីលំដាប់ពិភពលោក
បុគ្គលជោគជ័យ July 11, 2022 Khmernote

ជាទូទៅក្មេងដែលមានអាយុចន្លោះពី ៨ ទៅ ១៣ឆ្នាំ តែងតែចំណាយពេលប្រចាំថ្ងៃរបស់ពួកគេជិះកង់ និងលេងហ្គេម បន្ទាប់ពីការរៀនសូត្រ ប៉ុន្តែនេះមិនមែនជាជីវិតកុមារភាពរបស់មហាសេដ្ឋី Ray Dalio, Bill Gates និង Jack Dorsey នោះទេ។ មហាសេដ្ឋីទាំង ៣រូបនេះ មិនបានប្រើជីវិតដូចក្មេងដទៃទេ ពោលគឺក្នុងវ័យនោះ ពួកគាត់បានចាប់ផ្ដើមចូលប្រលូកក្នុងការចាប់ផ្ដើមអាជីវកម្មទៅហើយ។

ស្ដាប់ទៅអាចជារឿងដែលមិនគួរឱ្យជឿ ឬ មិនអាចទៅរួច តែវាជាការពិតហើយខាងក្រោមនេះជារបៀបដែលមហាសេដ្ឋី ៣រូបខាងលើចាប់ផ្ដើមអាជីពរបស់ពួកគេ៖

-មហាសេដ្ឋី Ray Dalio ៖ លោក Ray Dalio ត្រូវបានគេណែនាំឱ្យចូលផ្សារហ៊ុននៅអាយុ ១២ឆ្នាំ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ពេលនោះ Dalio មានវ័យ ១២ឆ្នាំ ហើយបានចូលបម្រើការងារនៅ Wall Street នៅលើទីលានវាយកូនហ្គោលនៅ Long Island ទីក្រុងញូវយ៉ក។ ក្នុងអំឡុងធ្វើការ Dalio បានឮអ្នកដែលមកលេងកូនហ្គោលនិយាយអំពីទីផ្សារភាគហ៊ុន ហើយគាត់ក៏សម្រេចចិត្តយកលុយតុងដែលបានពីភ្ញៀវរបស់គាត់ទៅវិនិយោគទាំងដែលគាត់មិនដឹងថា ការវិនិយោគនោះទទួលបានអ្វីខ្លះឡើយ។ Dalio ដែលឥឡូវមានអាយុ ៧២ឆ្នាំបាននិយាយនៅលើផតឃែស្ថថា គាត់បានជ្រើសរើសការវិនិយោគនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ភាគឦសាន ដែលបានបញ្ចូលទៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក្នុងឆ្នាំ១៩៧២។ មូលហេតុដែលគាត់រើសយកក្រុមហ៊ុននេះ ដោយសារតែវាជាក្រុមហ៊ុនតែមួយគត់ដែលលោកធ្លាប់លឺថា លក់ភាគហ៊ុនក្នុងតម្លៃតិចជាង ៥ដុល្លារក្នុងមួយហ៊ុន។ ក្រោយមកគាត់បានបង្កើនចំនួនបីដងនៃការវិនិយោគនោះ ហើយបានបង្កើតផលប័ត្រភាគហ៊ុនដែលមានតម្លៃរាប់ពាន់ដុល្លារនៅពេលគាត់បញ្ចប់ការសិក្សានៅវិទ្យាល័យ។ Dalio បានប្រើប្រាស់ជោគជ័យដំបូងនេះទៅក្នុង Bridgewater Associates ដែលជាមូលនិធិការពារហានិភ័យ ដែលគាត់បានបើកដំណើរការក្នុងឆ្នាំ១៩៧៥។ ក្នុងរយៈពេលប្រហែល ៤ទសវត្ស គាត់បានពង្រីកវាទៅជាមូលនិធិការពារហានិភ័យធំបំផុតរបស់ពិភពលោក មុនពេលចុះចេញពីតំណែងជានាយកប្រតិបត្តិនៅឆ្នាំ២០១៧។

-មហាសេដ្ឋី Bill Gates ៖ មុនពេលក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក លោក Bill Gates បានចាប់ផ្ដើមសរសេរកម្មវិធីកុំព្យូទ័រ (សរសេរកូដ) នៅអាយុ ១៣ឆ្នាំ។ នៅពេលរៀនថ្នាក់ទី៨ Gates បានរៀនពីរបៀបសរសេរកម្មវិធី ហើយកាលនោះ គាត់ និងមិត្តរួមថ្នាក់របស់គាត់គឺ Paul Allen ដែលក្រោយមកបានក្លាយជាដៃគូអាជីវកម្មរបស់គាត់ បានបង្កើតប្រព័ន្ធកាលវិភាគថ្នាក់ស្វ័យប្រវត្តិសម្រាប់សាលារបស់ពួកគាត់។ នៅឆ្នាំ១៩៩៣ Gates បានប្រាប់វិទ្យាស្ថាន Smithsonian ថាបទពិសោធន៍នៃការរៀន និងបរាជ័យក្នុងការសរសេរកូដក្នុងវ័យកុមារភាព បានផ្តល់ឱ្យគាត់នូវឱកាសដើម្បីសាកល្បងអ្វីមួយដែលគាត់ “ពូកែ ឬចាប់អារម្មណ៍” តែវាមិនមាននៅក្នុងការបង្រៀននៅសាលាឡើយ។ Gates បាននិយាយថា ការរកឃើញខ្លួនឯងនៅវ័យកាលនោះ គឺអស្ចារ្យណាស់ ពីព្រោះអ្នកបង្កើតអារម្មណ៍នៃទំនុកចិត្តលើខ្លួនឯង និងអត្តសញ្ញាណមួយថា ខ្ញុំដឹងរឿងនេះច្បាស់ណាស់។ ខ្ញុំ​ដឹង​រឿង​នេះ​ល្អ​ជាង​គ្រូ… ប្រហែល​ជា​ខ្ញុំ​ពូកែ​ខាង​រឿង​នេះ​ណាស់។ សរុបមក Gates និង Allen បានបើកដំណើរការក្រុមហ៊ុន Microsoft ក្នុងឆ្នាំ១៩៧៥ ដោយ Gates គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនរហូតដល់ឆ្នាំ២០០០ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ក្រុមហ៊ុនមានទីផ្សារភាគហ៊ុនចំនួន ១.៨៥ ទ្រីលានដុល្លារ។

-មហាសេដ្ឋី Jack Dorsey៖ លោក Jack Dorsey បានប្រាប់ផតឃែស្ថ “The Business” របស់សាលាពាណិជ្ជកម្ម Harvard នៅក្នុងឆ្នាំ២០១៤ ថា គាត់បានចាប់ផ្ដើមសរសេរកម្មវិធីតាំងពីក្មេង ហើយក្រោយមកគឺវក់នឹងវាយ៉ាងខ្លាំង។ នៅពេលធំឡើង ឪពុករបស់គាត់ដែលជាវិស្វករម្នាក់បានយក បន្ទះសៀគ្វីពីកន្លែងធ្វើការមកផ្ទះ ធ្វើឱ្យលោកចាប់អារម្មណ៍យ៉ាងខ្លាំងហើយចូលចិត្តការដោះផ្គុំបន្ទះនោះ។ ជាមួយគ្នានេះ នៅឆ្នាំ២០១៣ Dorsey បានប្រាប់កម្មវិធី “60 Minutes” របស់ CBS ថា ចំណាប់អារម្មណ៍នោះបានងាកទៅរកការសរសេរកម្មវិធីវិញ បន្ទាប់ពីឪពុករបស់គាត់ឈប់យកបន្ទះសៀគ្វីមកផ្ទះ តែបែរជាយកកុំព្យូទ័រមកវិញ។ Dorsey បានបន្តថា ចំណាប់អារម្មណ៍របស់គាត់ ក៏ងាកទៅលើកម្មវិធីបញ្ជូនផ្លូវ ដែលកំណត់ផ្លូវទៅកាន់យានជំនិះដូចជា តាក់ស៊ី អ្នកនាំសំបុត្រ និងសេវាសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ដ ដោយគាត់នឹងចំណាយពេលស្តាប់ verbal codes អ្នកឆ្លើយតបបន្ទាន់ដែលប្រើនៅលើវិទ្យុទាក់ទងរបស់ប៉ូលីស។ ការផ្លាស់ប្តូរខ្លីៗដែលបញ្ជូនបន្តទីតាំងយានយន្ត និងសកម្មភាពអ្នកបើកបរនៅទីបំផុតបានបំផុសគំនិតឱ្យគាត់បង្កើត Twitter ។ គាត់បានបង្កើតក្រុមហ៊ុន Twitter ក្នុងឆ្នាំ២០០៦ ហើយដំណើរការក្រុមហ៊ុនរហូតដល់ឆ្នាំ២០០៨ និងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc