អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ត្រូវបានបាត់បង់ជីវិតនៅមុននេះបន្តិចក្នុងវ័យ ៦៧ឆ្នាំ ក្រោយរងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងកាលពីម៉ោង ១១ និង៣០ នាទីថ្ងៃត្រង់ (ម៉ោងនៅជប៉ុន) ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។ ការបាត់បង់អតីតនាយករដ្ឋមន្រ្តីរូបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជនបណ្ដាប្រទេសជាច្រើន មានការសោកស្ដាយ និងក្រៀមក្រំបំផុត។
យ៉ាងណាមិញក្រលេកមកមើលប្រវត្តិតស៊ូ និងស្នាដៃធំៗរបស់លោក Shinzo Abe ក្នុងការដឹកនាំប្រទេសជប៉ុន ដែលមិនមាននាយករដ្ឋមន្រ្តីណាអាចធ្វើបាន៖ លោក Shinzo Abe កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ គាត់គឺជាអ្នកនយោបាយជប៉ុន ដែលបានធ្វើជានាយករដ្ឋមន្ត្រីជប៉ុនពីរដង គឺម្ដងក្នុងឆ្នាំ ២០០៦ ដល់ ២០០៧ និងម្ដងទៀតក្នុងឆ្នាំ ២០១២ដល់ ២០២០ និងជានាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។
លោក Abe កើតក្នុងត្រកូលគ្រួសារអ្នកនយោបាយដ៏លេចធ្លោមួយ ដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ។ ជីតារបស់គាត់ គឺលោក Kishi Nobusuke បានបម្រើការជានាយករដ្ឋមន្ត្រីរវាងឆ្នាំ១៩៥៧ និង១៩៦០។ ហើយឪពុករបស់លោក Abe បានបម្រើការជារដ្ឋមន្ត្រីការបរទេស។ នៅឆ្នាំ១៩៩៣ លោក Abe បានឈរឈ្មោះក្នុងការបោះឆ្នោតសកលមួយបន្ទាប់ពីការស្លាប់របស់ឪពុកគាត់។ ចាប់តាំងពីពេលនោះមក គាត់បានក្លាយជាឥស្សរជនឈានមុខគេក្នុងនយោបាយជប៉ុន។ ក្នុងនាមជាអនុលេខាធិការខុទ្ទកាល័យ លោកបានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនកាលនោះ។
លោក Abe បានក្លាយជាមេដឹកនាំដំបូងគេក្នុងឆ្នាំ ២០០៦ ក្នុងអាយុ ៥២ ឆ្នាំ ដែលធ្វើឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។ ប្រហែលមួយឆ្នាំក្រោយមក គណបក្សប្រជាធិបតេយ្យសេរីបានចាញ់ការបោះឆ្នោតសភាជាន់ខ្ពស់ ហើយលោក Abe បានលាលែងពីតំណែងដោយសារតែសុខភាពកាន់តែអាក្រក់។
ស្ថានភាពរបស់គាត់បានប្រសើរឡើងតាមពេលវេលា។ បន្ទាប់មក លោក Abe បានដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាជាន់ទាបឆ្នាំ២០១២ ហើយបានក្លាយជានាយករដ្ឋមន្ត្រីម្តងទៀត។ គាត់ត្រូវបានគេស្គាល់ដោយគោលនយោបាយ “Abenomics” របស់គាត់ដែលមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសមានភាពរស់រវើកឡើងវិញ។ ហើយគាត់ជាអ្នកប្រតិបត្តិដ៏ឆ្លាតវៃនៅជួរមុខការទូត។ លោក Abe បានដឹកនាំគណបក្សរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន។ ក្រោយមកគាត់បានចុះចេញពីតំណែងម្តងទៀតនៅឆ្នាំ២០២០ ដោយសារបញ្ហាសុខភាព ប៉ុន្តែគាត់នៅតែជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងគណបក្ស LDP៕





អត្ថបទ៖ លីនី
ប្រភព៖ nhk , britannica


