ពូកែមែន! កូនខ្មែរ ១រូប ជោគជ័យលើការកែច្នៃសម្ភារៈបម្រើឱ្យវិស័យកសិកម្មពាក់កណ្តាលស្វ័យប្រវត្តិ ងាយស្រួលប្រើប្រាស់ និងផ្តល់ប្រយោជន៍ច្រើនដល់កសិករ
បុគ្គលជោគជ័យ July 4, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឧបករណ៍កែច្នៃជាគ្រឿងយន្តពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មត្រូវបានកូនខ្មែរចេះច្នៃប្រឌិតឡើង ងាយស្រួលក្នុងការប្រើប្រាស់ និងបានផ្តល់ផលប្រយោជន៍ទៅ ដល់កសិករ ដែលកំពុងដាំដុះ និងថែទាំដំណាំឧស្សាហកម្មបានគ្រប់ប្រភេទ។

ក្នុងសកម្មភាពកែច្នៃឧបករណ៍បម្រើឱ្យផ្នែកកសិកម្មនៅភូមិត្នោតថ្មី ឃុំសំអាងស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែងថ្ងៃទី០៤ ខែកក្កដា លោក ហេង លាងពៅ បានបញ្ជាក់ថា ឧបករណ៍នេះសម្រាប់ប្រើបាញ់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបំប៉នទៅលើដំណាំ ព្រោះបច្ចុប្បន្នកសិករយើងមានដីចម្ការធំៗបានដាំដំណាំឧស្សាហកម្មច្រើនប្រភេទ មានដូចជាកៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀតដំឡូងមី ជាដើមហើយពួកគាត់អាចបញ្ជាទិញយកទៅប្រើប្រាស់សម្រាប់ថែទាំដំណាំបានស្រួល ។

លោកបន្តថា ដោយសារតែភាពលំបាកកន្លងមកទើបរិះរកបច្ចេកទេសកែច្នៃឧបករណ៍នេះសម្រាប់ប្រើប្រាស់បាន សម្រេចជោគជ័យ និងមានកសិករយើងមួយចំនួន បានទិញយកទៅប្រើរួចមកហើយដែរ។ ជាងនេះទៀត អាចរកប្រាក់ចំណូលបាន ពីការទៅស៊ីឈ្នួលបាញ់ថ្នាំលើដំណាំឱ្យកសិករផ្សេងៗទៀត ដោយមិនបាច់ចំណាយពេលវេលាយូរក្នុងការបាញ់ថ្នាំ និងចៀសវាងបានពីផលប៉ះពាល់ផ្នែកសុខភាពផងដែរ។

លោកបន្ថែមថា ឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិនេះ ក្រុមការងារបច្ចេកទេស ផលិតមួយគ្រឿងត្រូវចំណាយ ពេលវេលាមួយសប្តាហ៍ និងចំណាយថវិកាទិញសម្ភារៈសរុបប្រមាណជិត ២,០០០ដុល្លារ ហើយលក់ជូនអតិថិជនវិញមួយគ្រឿងមានតម្លៃចាប់ពី ២,៥០០ដុល្លារ ទៅ ៣,៥០០ដុល្លារ តាមការបញ្ជាទិញ។

លោក សុធី កសិករនៅភូមិរាជានុកូលសង្កាត់ក្រុងស្ទឹង ត្រែងបានទទួលស្គាល់ថាឧបករណ៍បាញ់ថ្នាំនេះពិតជាបានជួយកាត់បន្ថយការប្រើកម្លាំងពលកម្ម ហើយបាញ់ថ្នាំបានសព្វល្អ និងបានលឿនឆាប់រហ័សចំណេញពេលវេលា ធ្វើឱ្យដំណាំទទួលបាន ផលល្អថែមទៀត។ លោកបន្តថា កសិករដែលដាំដំណាំឧស្សាហកម្មច្រើន គួរមានឧបករណ៍នេះសម្រាប់ដោះស្រាយបញ្ហា ព្រោះបានប្រើប្រាស់ខ្លួនឯងហើយ និងអាចទៅស៊ីឈ្នួលបាញ់ថ្នាំដំណាំឱ្យកសិករ ឬ ក្រុមហ៊ុនផ្សេងៗបានប្រាក់ ចំណូលបន្ថែមទៀត។

សូមបញ្ជាក់ថា កូនខ្មែរកែច្នៃឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មនេះគឺ លោក ហេង លាងពៅ ចេះផលិតរយៈពេល ៣ឆ្នាំមកហើយដែលមានទីតាំងនៅភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ០៩ មានចម្ងាយពីទីរួមខេត្តស្ទឹងត្រែងប្រមាណជាង៣០ គីឡូម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន