លោក Li Jiaqi ឬ ហៅកាត់ថា Austin Li គឺជាអ្នកលក់ផលិតផលថែរក្សាសម្រស់ដ៏ល្បីបំផុតនៅក្នុងប្រទេសចិន ដែលអាចរកប្រាក់បានរាប់លានដុល្លារក្នុងពេលឡាយលក់ម្ដងៗ។ Austin Li ត្រូវបានគេស្គាល់ថាជា “ស្ដេចក្រែម” ដោយគាត់ធ្លាប់លក់ក្រែមបានដល់ទៅ ១៥,០០០ដើម ក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ នៅក្នុងអំឡុងពេលឡាយផ្ទាល់នៅលើ Taobao ។
មុនពេលក្លាយជាបុគ្គលល្បីនៅក្នុងពិភពជំនួញអនឡាញនៅប្រទេសចិន Li គ្រាន់តែជាជំនួយការនៅហាង L’Oréal ក្នុងទីក្រុង Nanchang ប៉ុណ្ណោះ។ ក្រោយមកនៅឆ្នាំ២០១៧ គាត់បានចាប់ផ្ដើមឡាយលក់ ហើយដោយសារបទពិសោធន៍ជាជំនួយការហាង បានជួយគាត់ឱ្យពង្រឹងជំនាញលក់ និងបង្កើនភាពទាក់ទាញក្នុងណែនាំពីផលិតផលសម្រស់។
ជាក់ស្ដែងនៅឆ្នាំ២០១៩ Li ទទួលបានភាពជោគជ័យខ្លាំង ហើយបានក្លាយជាអ្នកលក់ដ៏ល្បីម្នាក់នៅលើបណ្ដាញផ្សព្វផ្សាយសង្គម ដែលនរណាៗក៏ស្គាល់ រួមជាមួយស្តាយ៍និយាយប្រចាំត្រកូលរបស់គាត់នៅក្នុងការឡាយដូចជាពាក្យ “OMG, buy it!” និង “all girls”។ នៅក្នុងឆ្នាំ២០២០ គាត់មានតាមដាន (follower) ប្រហែល ៣៤.៧ លាននាក់ ក្លាយជាអ្នកឡាយល្បីដាច់គេនៅចិន។ ក្រៅពីទេពកោសល្យក្នុងការលក់ Li ក៏បានបំបែកកំណត់ត្រា Guinness ក្នុងឆ្នាំ២០១៨ ផងដែរ លើផ្នែក “អ្នកលាបក្រែម ៤ពណ៌ ឬ ម៉ាកក្នុងពេលតែ ៣០វិនាទី” ដោយកាលនោះ Li បានលាប និងផ្លាស់ប្ដូរក្រែម ៤ប្រភេទផ្សេងគ្នាលើមាត់របស់គាត់បានយ៉ាងស្អាត ដោយដោយចំណាយពេលត្រឹមតែ ៣០វិនាទីប៉ុណ្ណោះ។
អ្វីដែលកាន់តែអស្ចារ្យ នៅយប់ដំបូងនៃថ្ងៃ Single day (១១.១១) ដែលជាពិធីបុណ្យដើរទិញឥវ៉ាន់ប្រចាំឆ្នាំដ៏ធំបំផុតកាលពីឆ្នាំ២០២០ ការឡាយរបស់ Li បានទាក់ទាញអ្នកទស្សនាជាង ១៤០លាននាក់ និងលក់ទំនិញបាន ១០លានមុខទំនិញដែលមានតម្លៃ ៣.៩១ ពាន់លានយ័ន (៥៨៤លានដុល្លារ)៕





អត្ថបទ៖ លីនី
ប្រភព៖ pandaily


