ឆមាសទី១ នៃឆ្នាំ២០២២ មហាសេដ្ឋីមានបំផុតលើលោកទាំង ៥០០នាក់ បាត់បង់ទ្រព្យអស់ ១.៤ទ្រីលានដុល្លារ
បុគ្គលជោគជ័យ July 2, 2022 Khmernote

ឆ្នាំ២០២២ នេះ អាចនិយាយបានថា មិនមែនជាឆ្នាំដែលសំណាង ឬ ល្អ សម្រាប់មហាសេដ្ឋីមានបំផុតនៅលើពិភពលោកឡើយ ពោលគឺមហាសេដ្ឋីជាច្រើនហាក់ដូចជាយីអ៊ុនដាក់ ដោយក្រុមហ៊ុនជួបបញ្ហា ធ្វើឱ្យម្នាក់ៗបាត់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន។ ជាក់ស្ដែង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បាន​ឱ្យដឹងថា ត្រឹមឆមាសទី១ នៃឆ្នាំ២០២២ នេះ​ អ្នកមានបំផុតទាំង ៥០០នាក់ របស់ពិភពលោកបានបាត់បង់ ១.៤ ទ្រីលានដុល្លារ។

ការធ្លាក់ចុះដ៏ច្រើនសន្ធឹកនេះ គឺជាការធ្លាក់ចុះដ៏ខ្លាំងបំផុតដែលមិនធ្លាប់មានពីមុនមកសម្រាប់មហាសេដ្ឋីលំដាប់ពិភពលោក។ ទ្រព្យសម្បត្តិរបស់ Elon Musk ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជិត ៦២ ពាន់លានដុល្លារ ខណៈ Jeff Bezos មេធំក្រុមហ៊ុន Amazon បានឃើញទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះប្រហែល ៦៣ ពាន់លានដុល្លារ និង Mark Zuckerberg មេធំហ្វេសប៊ុក ធ្លាក់ចុះទ្រព្យជាងពាក់កណ្ដាល។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ទោះបីជាអ្នកមានបំផុតរបស់ពិភពលោកបានឃើញពីការខាតបង់ក៏ដោយ ក៏ទ្រព្យរបស់ពួកគេនៅតែមានច្រើនដដែល ពោលគឺការការបាត់បង់ប៉ុណ្ណឹងគឺជាចំនួនតិចតួចប៉ុណ្ណោះ ជាក់ស្ដែងដូចជាមហាសេដ្ឋី Elon Musk ដែលនៅតែមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកដដែលដីគឺទ្រព្យមានចំនួន ២០៨.៥ ពាន់លានដុល្លារ ខណៈដែល Bezos ស្ថិតនៅលំដាប់ទីពីរដែលមានទ្រព្យសម្បត្តិសុទ្ធ ១២៩.៦ ពាន់លានដុល្លារ។ លោក Bernard Arnault ដែលជាអ្នកមានជាងគេនៅប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានទ្រព្យសម្បត្តិចំនួន ១២៨.៧ ពាន់លានដុល្លារ បន្ទាប់មកលោក Bill Gates ដែលមានទ្រព្យសម្បត្តិ ១១៤.៨ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo