មហាសេដ្ឋីអង់គ្លេស Richard Branson ទៅអ៊ុយក្រែនដើម្បីជួយសាងសង់យន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវបានបំផ្លាញដោយរុស្ស៊ី
បុគ្គលជោគជ័យ June 30, 2022 Khmernote

មហាសេដ្ឋី Richard Branson ម្ចាស់ក្រុមហ៊ុន Virgin Group នឹងជួយសាងសង់យន្តហោះដ៏ធំបំផុតរបស់ពិភពលោកគឺ Antonov An-225 Mriya របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារការទម្លាក់គ្រាប់-បែករបស់រុស្ស៊ីនៅក្នុងការឈ្លានពានជាលើកដំបូងនេះ បើយោងតាមអ្នកនយោបាយអ៊ុយក្រែន។ យន្តហោះ An-225 ត្រូវបានប្រើដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ជុំវិញពិភពលោក ហើយអាចផ្ទុកទំនិញបានដល់ទៅ ២៥០តោន។ យន្តហោះនេះ ជា​និមិត្តរូប​នៃ​មោទនភាព​ជាតិ​ដ៏​ខ្លាំង​ក្លា​ក្នុង​ប្រទេស​អ៊ុយក្រែន។

អជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធ ថា មហាសេដ្ឋី Richard Branson បានទៅទស្សនាអាកាសយានដ្ឋាន Antonov ដែលជាកន្លែងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៃការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីពិភាក្សាអំពីការជួសជុលផ្លូវអាកាសដែលរងការខូចខាត និងដើម្បីមើលបំណែកយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក។

ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រជាជនអ៊ុយក្រែនលោក Davyd Arakhamia បានបង្ហោះរូបភាពរបស់លោក Branson ពេលទៅទស្សនាអាកាសយានដ្ឋានដែលមានទីតាំងនៅ Hostomel ជិតទីក្រុង Kyiv នៅលើគណនី Telegram របស់គាត់ផងដែរ។ ភ្ជាប់ជាមួយរូបថត លោក Arakhamia បានសរសេររៀបរាប់ថា ស្ថាបនិក Virgin បានបង្ហាញពីការត្រៀមខ្លួនរបស់គាត់ក្នុងការជួយ ទាំងការជួសជុលអាកាសយានដ្ឋាន និងការសាងសង់កំណែថ្មីនៃយន្តហោះ Antonov An-225 Mriya ដែលជាយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវបានបំផ្លាញកំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកាលពីខែកុម្ភៈ។

មិនតែប៉ុណ្ណោះ លោក Alexander Khrebet អ្នកយកព័ត៌មានរបស់កាសែតអ៊ុយក្រែន ZN ក៏បានចែករំលែករូបភាពនៃដំណើរទស្សនកិច្ចរបស់លោក Branson ទៅកាន់ Twitter ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី មហាសេដ្ឋី Branson មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីការធ្វើដំណើររបស់គាត់ទៅកាន់ Hostomel នោះទេ ប៉ុន្តែកាលពីព្រឹកថ្ងៃពុធ គាត់បានផុសនៅលើគណនី Twitter ផ្លូវការរបស់គាត់ ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងប៉ូឡូញ ដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo