អ្នកស្រី Diane Hendricks រលាស់ខ្លួនពីក្មេងស្រីធំធាត់នៅកសិដ្ឋានទឹកដោះគោ មកជាម្ចាស់ក្រុមហ៊ុនសំណង់ដ៏ល្បី និងជាសេដ្ឋីបង្កើតដោយខ្លួនឯងមានបំផុតនៅអាមេរិក
បុគ្គលជោគជ័យ June 29, 2022 Khmernote

ជាការពិតណាស់ភាពជោគជ័យភាគច្រើនកើតមកពីការតស៊ូ និងការខិតខំប្រឹងប្រែង មិនមែនកើតចេញពីសំណាងនោះទេ។ ជាក់ស្ដែងដូចអ្នកស្រី Diane Hendricks មិនបានធំធាត់ក្នុងត្រកូលអ្នកមានទ្រព្យ អ្នកសិល្បៈ ឬ អ្នកដឹកនាំនយោបាយនោះទេ តែធំដឹងក្ដីឡើងនៅក្នុងកសិដ្ឋានទឹកដោះគោមួយក្នុងរដ្ឋ Wisconsin ជាមួយការអប់រំ និងក្រមសីលធម៌ការងារដ៏ល្អ ដែលជួយឱ្យអ្នកស្រីអាចបង្កើតអាណាចក្រអាជីវកម្មពាន់លានដុល្លារបាន។

បច្ចុប្បន្នអ្នកស្រី Diane Hendricks ជាប្រធានក្រុមហ៊ុនសម្ភារសំណង់ ABC Supply ដែលគាត់បានបង្កើតឡើងជាមួយស្វាមីទី២ ក្នុងឆ្នាំ១៩៨២​។ ជាមួយគ្នានេះ កាលពីសប្ដាហ៍មុន Hendricks ដែលមានទ្រព្យសម្បត្តិ ១១.៦ ពាន់លានដុល្លារ បានជាប់ចំណាត់ថ្នាក់លេខ១ របស់ទស្សនាវដ្តី Forbes ក្នុងនាមជាស្ត្រីដែលកសាងភាពមានបានដោយខ្លួនង និងមានជាងគេបំផុតរបស់អាមេរិកសម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា។

ក្រឡេកទៅមើលប្រវត្តិរបស់ស្រ្តីឆ្នើមរូបនេះវិញ នៅក្នុងឆ្នាំ២០១៧ Hendricks បានប្រាប់ទស្សនាវដ្តី Forbes ថា នៅអាយុ ១៧ឆ្នាំ នាងត្រូវបង្ខំចិត្តបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដោយសារនាងមានផ្ទៃពោះទាំងមិនបានរៀបការ ហើយក្រោយមកនៅអាយុ២១ នាងបានបែកបាក់ជាមួយសង្សាររបស់នាង ហើយក្លាយជាស្រ្តីមេម៉ាយទាំងវ័យក្មេង។ កាលនោះក្នុងនាមជាម្ដាយវ័យក្មេង និងជាស្រ្តីមេម៉ាយ មិនមែនជារឿងងាយស្រួលសម្រាប់គាត់ឡើយ ពោលគឺគាត់តែងតែទទួលបានការងារចម្លែកៗជាច្រើន ប៉ុន្តែវាមិនមែនជាបញ្ហាធំដុំទេ ដោយសារការរស់នៅ និងមើលគំរូពីឪពុកម្តាយរបស់គាត់ដែលដំណើរការកសិដ្ឋាន ២៤ម៉ោងក្នុង១សប្ដាហ៍បានបង្កើតក្រមសីលធម៌ការងាររបស់គាត់ ហើយបានក្លាយជារឿងសំខាន់តាំងពីក្មេងមកម្ល៉េះ។

អ្នកស្រី Hendricks ធ្លាប់មានក្ដីស្រមៃសាមញ្ញៗថា ទៅថ្ងៃមុខគាត់ក្រាន់តែចង់មានការងារធ្វើនៅការិយាល័យ ស្លៀកពាក់ស្អាតៗជារៀងរាល់ថ្ងៃបានហើយ។ ប៉ុន្តែក្ដីស្រមៃនេះបានផ្លាស់ប្ដូរ បន្ទាប់​ពី​នាង​បាន​ជួប​និង​រៀប​ការ​ជាមួយ​អ្នក​ម៉ៅការ​សំណង់គឺ​លោក Ken Hendricks ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ហើយអ្នកទាំងពីរក៏បានចាប់ដៃគ្នាបង្កើតក្រុមហ៊ុន ABC Supply នៅ Beloit រដ្ឋ Wisconsin តែម្ដង។ នៅឆ្នាំ ១៩៩៤ ក្រុមហ៊ុនមាន ១០០ទីតាំង ហើយបួនឆ្នាំក្រោយមក វាបានរកចំណូលបានច្រើនជាង ១ពាន់លានដុល្លារជាលើកដំបូង នេះបើយោងតាមទស្សនាវដ្តី Forbes។

ប៉ុន្តែក្រោយមក នៅឆ្នាំ២០០៧ ប្តីរបស់គាត់បានទទួលមរណភាព ធ្វើឱ្យអ្នកស្រី Hendricks បានដឹកនាំ ABC Supply ដោយខ្លួនឯង។ ក្រុមហ៊ុនឥឡូវនេះមានទីតាំងជាង ៨៤០ នេះបើយោងតាមគេហទំព័ររបស់ខ្លួន ហើយជាក្រុមហ៊ុនឯកជនធំជាងគេទី២៣ របស់ប្រទេសនេះបើយោងតាមទស្សនាវដ្តី Forbes ។ គេហទំព័ររបស់ ABC Supply កត់សម្គាល់ថា ខ្លួនបានទិញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចំនួន ១៨ ផ្សេងទៀតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលជាសញ្ញានៃការគ្រប់គ្រងទីផ្សាររបស់ខ្លួន។ សព្វថ្ងៃនេះ អ្នកស្រី Hendricks នៅតែរស់នៅទីក្រុង Beloit ដែលមានអ្នកស្រុកតិចជាង ៣៧,០០០នាក់។ យោងតាមទស្សនាវដ្ដី Forbes នាងបានចំណាយប្រាក់រាប់លានដុល្លារលើគម្រោងក្នុងស្រុក ដើម្បីបង្កើតឡើងវិញនូវអចលនទ្រព្យដែលគេបោះបង់ចោល និងនាំយកអាជីវកម្មថ្មីៗមកកាន់រដ្ឋនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc