មហាសេដ្ឋី Bill Gates និយាយថា៖ “មានរឿង ២ យ៉ាងដែលធ្វើឱ្យគាត់រស់នៅដោយសប្បាយចិត្ត ដោយមិនបាច់ប្រើលុយ”
បុគ្គលជោគជ័យ June 28, 2022 Khmernote

មនុស្សយើងភាគច្រើនគិតថា មានមាសប្រាក់ហូរហៀរធ្វើឲ្យជីវិតពោរពេញដោយសេចក្ដីសុខ រស់នៅមិនចាំបាច់ខ្វល់ខ្វាយ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតយល់ថា សេចក្ដីសុខ និងសុភមង្គលពិតប្រាកដមិនអាស្រ័យលើប្រាក់នោះទេ។ ចំពោះមតិទាំងពីរនេះមហាលំដាប់ទី២ លើពិភពលោក គឺលោក Bill Gates បានលើកឡើងដូច្នេះថា៖ «មានរឿងពីរយ៉ាងដែលធ្វើឲ្យគាត់សប្បាយចិត្ត ហើយរឿងទាំងពីរនេះអាចកើតមានឡើងមិនចាំបាច់ទាល់តែមានលុយនោះទេ »។

នៅដើមឆ្នាំ ២០១៩ លោក Gates បានចូលរួមក្នុងកម្មវិធី Reddit ក្រោមប្រធានបទ « សួរខ្ញុំពីអ្វីក៏បាន » ខណៈនោះមានមនុស្សម្នាក់បានសួរទៅកាន់ស្ថាបនិក Microsoft អំពីជីវិតផ្ទាល់ខ្លួនថា៖ «តើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត?» លោក Gates បានសរសេរនៅលើគេហទំព័រ Reddit ថា « មានអ្នកខ្លះបាននិយាយថានៅពេលដែលកូនៗ របស់អ្នកដើរផ្លូវល្អ និងអាចសម្រេចកិច្ចការផ្សេងៗដោយខ្លួនឯងបាន​ វាពិតជាពិសេសណាស់ ហើយក្នុងនាមជាឪពុកម្តាយខ្ញុំក៏យល់ស្របដែរ » ។

ជាមួយគ្នានេះលោកបានលើកឡើងថា៖ « ប្រសិនបើខ្ញុំត្រលប់មកពីធ្វើការវិញមានអារម្មណ៍មិនសូវល្អ ឬ តានតឹង គ្រាន់តែឃើញមុខកូនៗរបស់ខ្ញុំ​ ខ្ញុំអាចកាត់បន្ថយភាពតានតឹង ឬ អារម្មណ៍មិនសូវល្អបានច្រើន »។ មួយវិញទៀតលោកក៏បាននិយាយថា ការធ្វើលំហាត់ប្រាណច្រើនក៏ជួយបង្កើនសុភមង្គលផងដែរ។ ជាក់ស្ដែង Gates ចូលចិត្តលេងកីឡាវាយកូនបាល់ (Tennis) ដែលកីឡានេះក៏ចាត់ទុកជាការហាត់ប្រាណដែរ ហើយគាត់តែងតែលេងវាជាមួយកូនៗរបស់គាត់នៅផ្ទះ។ គួរបញ្ជាក់ថា មហាសេដ្ឋី Bill Gates និងអតីតប្រពន្ធរបស់គាត់ Melinda Gates មានកូនបីនាក់រួមមាន៖ Jennifer អាយុ ២៣ឆ្នាំ ,Rory អាយុ ២០ ឆ្នាំ, និង Phoebe អាយុ ១៧ ឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc