រឿងផ្ទួនៗ! មហាសេដ្ឋី Elon Musk ប្រកាសពីខាតបង់រាប់ពាន់លានដុល្លារ នៅរោងចក្រផលិតរថយន្តថ្មីរបស់ Tesla
បុគ្គលជោគជ័យ June 23, 2022 Khmernote

ទើបតែជួបរឿងរ៉ាវចម្រូងចម្រាសមកផ្ទួនៗ ឥលូវមហាសេដ្ឋី Elon Musk បានប្រកាសថា រោងចក្រផលិតរថយន្តថ្មីរបស់ក្រុមហ៊ុន Tesla Inc នៅរដ្ឋតិចសាស់ និងទីក្រុងប៊ែកឡាំង បានខាតបង់រាប់ពាន់លានដុល្លារ ខណៈដែលពួកគេតស៊ូក្នុងការបង្កើនផលិតកម្ម ដោយសារតែកង្វះខាតថ្ម និងបញ្ហាកំពង់ផែចិន។

នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ នាយកប្រតិបត្តិរូបនេះ បាននិយាយថា រោងចក្រ Telsa នៅរដ្ឋតិចសាស់ ផលិតរថយន្តបានចំនួនតិចតួចប៉ុណ្ណោះ ដោយសារតែបញ្ហាប្រឈមក្នុងការជំរុញការផលិតអាគុយប្រភេទ “4680” ថ្មី និងឧបករណ៍ដើម្បីផលិតអាគុយប្រភេទ “2170” ជាប់គាំងនៅក្នុងកំពង់ផែក្នុងប្រទេសចិន។

ទន្ទឹមនឹងដែរ Musk បានបន្ថែមថា ការបិទនៅក្នុងទីក្រុងសៀងហៃដោយសារជំងឺកូវីដ-១៩ ពិតជាលំបាកខ្លាំងណាស់ សម្រាប់ក្រុមហ៊ុន Telsa ដោយការបិទបានប៉ះពាល់ដល់ការផលិតរថយន្តមិនត្រឹមតែនៅរោងចក្រសៀងហៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់រោងចក្រនៅរដ្ឋកាលីហ្វ័រញ៉ារបស់ខ្លួនផងដែរ ដែលប្រើប្រាស់គ្រឿងបន្លាស់រថយន្តមួយចំនួនដែលផលិតនៅក្នុងប្រទេសចិន។

Musk បាននិយាយថា៖ “រយៈពេលពីរឆ្នាំចុងក្រោយនេះ គឺជាសុបិន្តអាក្រក់ទាំងស្រុងនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ អស់ពីមួយទៅមួយ ហើយយើងមិនទាន់ចេញពីវានៅឡើយទេ”។ គាត់បានបន្ថែមថា ការព្រួយបារម្ភដ៏លើសលប់របស់ក្រុមហ៊ុន Tesla គឺ “តើយើងរក្សារោងចក្រឱ្យដំណើរការដោយរបៀបណា ទើបយើងអាចបើកប្រាក់ខែឱ្យបុគ្គលិក ហើយមិនក្ស័យធន?

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla គ្រោងនឹងផ្អាកផលិតកម្មភាគច្រើននៅរោងចក្រសៀងហៃរបស់ខ្លួន ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែកក្កដា ដើម្បីធ្វើការ លើការធ្វើឱ្យប្រសើរឡើងនៃគេហទំព័រដើម្បីបង្កើនទិន្នផល នេះបើយោងតាមអនុស្សរណៈផ្ទៃក្នុងដែលត្រូវបានរបង្ហាញដោយសារព័ត៌មាន Reuters៕

អត្ថបទ៖ លីនី
ប្រភព៖ reuters