មិនធម្មតាទេ! ឱកាសទទួលទានអាហារ ១ពេល ជាមួយមហាសេដ្ឋី Warren Buffett នៅឆ្នាំ២០២២ នេះ មានតម្លៃដល់ទៅ ១៩លានដុល្លារ
បុគ្គលជោគជ័យ June 18, 2022 Khmernote

មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗក៏ស្គាល់ ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ ជារៀងរាល់ឆ្នាំ​ មហាសេដ្ឋីរូបនេះតែងតែបង្កើតកម្មវិធីដេញថ្លៃមួយ ដើម្បីស្វែងរកអ្នកទទួលទានអាហារថ្ងៃត្រង់មួយពេលជាមួយខ្លួន ដែលតម្លៃនៃការដេញថ្លៃនោះមានចំនួនដល់ទៅខ្ទង់លានដុល្លារ។

យ៉ាងណាមិញក្រោយពេលផ្អាកកម្មវិធីដេញថ្លៃ អស់រយៈពេល ២ឆ្នាំដោយសារជំងឺកូវីដ-១៩ នៅឆ្នាំនេះ កម្មវិធីបានចាប់ផ្ដើមឡើងវិញ ហើយការដេញថ្លៃនៅឆ្នាំនេះក៏ជាលើកចុងក្រោយផងដែរ ដោយឱកាស​ទទួលទានអាហារជាមួយបិតាវិនិយោគរូបនេះមានតម្លៃដល់ទៅ ១៩លានដុល្លារ នេះបើយោងតាមការចុះបញ្ជីរបស់ Ebay។

ប្រភពដដែលបានឱ្យដឹងថា ការដេញថ្លៃបានបើកកាលពីថ្ងៃអាទិត្យ ជាមួយនឹងតម្លៃចាប់ផ្តើម ២៥,០០០ ដុល្លារ ហើយគិតត្រឹមថ្ងៃច័ន្ទ ការដេញថ្លៃបានឈានដល់ជាង ២លានដុល្លារ។ ជាមួយគ្នានេះ នៅថ្ងៃសុក្រដែលជាថ្ងៃចុងក្រោយ ការដេញថ្លៃបានឈានទៅមុខយ៉ាងស្វិតស្វាញ ដោយមានភោជនីយដ្ឋានដ៏ធំមួយបានដាក់ដេញថ្លៃចំនួន ១១លានដុល្លារ ហើយក្រោយមកការ​ដេញ​ថ្លៃ​មួយ​នាទី​ចុង​ក្រោយ​បាន​លើក​តម្លៃ​ចុង​ក្រោយ​ដល់​ ១៩​លាន​ដុល្លារ។ ជាលទ្ធផលអ្នកឈ្នះការដេញថ្លៃ និងភ្ញៀវចំនួន ៧នាក់ នឹងអនុញ្ញាតឱ្យទទួលទានអាហារ ជាមួយប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway Inc នៅ Smith & Wollensky ក្នុងទីក្រុង New York។

គួរបញ្ជាក់ផងដែរថា ការដេញថ្លៃដើម្បីឈ្នះឱកាសទទួលទានអាហារជាមួយលោក Warren Buffett ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីរៃអង្គាសប្រាក់សម្រាប់អង្គការសប្បុរសធម៌ Glide ដែលមានមូលដ្ឋាននៅទីក្រុង San Francisco ដើម្បីជួយដល់ដោះស្រាយភាពក្រីក្រ និងគ្មានផ្ទះសម្បែង នៅសហរដ្ឋអាមេរិកជាពិសេសនៅក្នុងទីក្រុង San Francisco៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost