យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo នៅថ្ងៃទី១៧ ខែមិថុនា នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk ត្រូវបានវិនិយោគិន Dogecoin ប្ដឹងទាមទារសំណងចំនួន ២៥៨ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីតដើម្បីគាំទ្ររូបិយប័ណ្ណគ្រីបតូ។

នៅក្នុងពាក្យបណ្ដឹងដែលដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដើមបណ្ដឹង Keith Johnson បានចោទប្រកាន់នាយប្រតិបត្តិក្រុមហ៊ុន Tesla Inc និង SpaceX ពីបទបំផុសបំផុលថា Dogecoin នឹងមានតម្លៃថ្លៃ តែផ្ទុយទៅវិញតម្លៃបានធ្លាក់ចុះ។ ដើមបណ្ដឹងបាននិយាយទៀតថា៖ “លោក Elon Musk បានដឹងតាំងពីឆ្នាំ២០១៩ ថា Dogecoin មិនទាន់មានតម្លៃដើម្បីផ្សព្វផ្សាយ ឱ្យមានការជួញដូរហើយរកប្រាក់ចំណេញបានទេ តែគាត់បានប្រើនាម និងឥទ្ធិពលជាអ្នកមានបំផុតលើលោករបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការ និងរៀបចំគម្រោង Dogecoin ជាទម្រង់ ពីរ់ាមីត (Pyramid Scheme) ដើម្បីរកប្រាក់ចំណេញ, ការបង្ហាញ និងជាការកម្សាន្ត”។
ជាមួយគ្នានេះដែរ លោក Keith Johnson បាននឹងកំពុងស្វែងរកការខូចខាតចំនួន ៨៦ពាន់លានដុល្លារ ដែលតំណាងឱ្យការធ្លាក់ចុះនៃតម្លៃទីផ្សាររបស់ Dogecoin ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ ហើយគាត់ចង់ទទួលសំណងពីការខាតបង់នេះ គុណនឹង ៣ ពីមហាសេដ្ឋី Elon Musk។ លោកក៏បានត្អូញត្អែរថា ការលក់របស់ Dogecoin បានចាប់ផ្តើមនៅចំពេលដែល Musk ធ្វើជាម្ចាស់ផ្ទះកម្មវិធី “Saturday Night Live and, playing a fictitious financial expert on a “Weekend Update” ដែលហៅថា Dogecoin “a hustle” របស់ទូរទស្សន៍ NBC។ មិនតែប៉ុណ្ណោះ លោកក៏ចង់រារាំង Musk និងក្រុមហ៊ុនរបស់គាត់ពីការផ្សព្វផ្សាយ Dogecoin និងចង់ឱ្យចៅក្រម ប្រកាសថា ការជួញដូរ Dogecoin គឺជាការលេងល្បែងនៅក្រោមច្បាប់សហព័ន្ធ និងច្បាប់នៅទីក្រុងញូវយ៉ក។
ទោះជាយ៉ាងណាក្ដី ទាំង Tesla, SpaceX និងមេធាវីរបស់ Musk មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ហើយចំពោះមេធាវីរបស់ Johnson វិញក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើភស្តុតាងជាក់លាក់ណាមួយ ដែលកូនក្តីរបស់គាត់មាន ឬរំពឹងថានឹងមាន ដើម្បីបញ្ជាក់ថា Dogecoin គ្មានតម្លៃ ហើយចុងចោទបានដំណើរការគម្រោង ពីរ់ាមីត (Pyramid Scheme) ពិតមែន៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo