មហាសេដ្ឋី Bill Gates លើកឡើងចំៗថា ការវិនិយោគលើ គ្រីបតូ និង តុក្កតា NFT ជារឿងល្ងីល្ងើណាស់
បុគ្គលជោគជ័យ June 16, 2022 Khmernote

មហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates បានច្រានចោលទ្រព្យសម្បត្តិឌីជីថល ហើយលើកឡើងចំៗថា ការវិនិយោគលើទ្រព្យឌីជីថលរួមមាន រូបិយប័ណ្ណគ្រីបតូ និងតុក្កតា NFT គឺ ១០០% វិនិយោគដោយគ្រាន់តែផ្អែកទៅលើទ្រឹស្ដីដ៏ល្ងីល្ងើ។ លោក Gates បានលើកឡើងដូច្នេះនៅក្នុងសន្និសីទអាកាសធាតុដែលរៀបចំដោយ TechCrunch កាលពីថ្ងៃអង្គារ ថ្មីៗនេះ។

ក្នុងឱកាសនោះ ស្ថាបនិក Microsoft បានបញ្ជាក់ថា វាគឺជាការវិនិយោគដ៏ល្ងីល្ងើ ដោយសារតែទ្រព្យទាំងនោះ នឹងឡើងថ្លៃ លុះត្រាតែមានអ្នកវិនិយោគទៅលើពួកវា ពោលគឺមានអ្នកទិញបន្ទាប់មកលក់ ហើយអ្នកទិញបន្ទាប់រំពឹងថានឹងលក់បានថ្លៃទៅឱ្យអ្នកបន្ទាប់ទៀត ប៉ុន្តែតម្លៃរបស់វានឹងលែងមាននៅពេលពិតប្រាកដណាមួយ នៅពេលដែលវិនិយោគិនលែងទិញ។

ជាមួយគ្នានេះដែរ លោក Gates បាននិយាយទាំងអស់សំណើចថា គ្រាន់តែការប្រមូលទិញរបស់ Bored Ape NFT ដែលកន្លងមកធ្វើឱ្យតម្លៃរបស់តុក្កតាទាំងនោះឡើងថ្លៃ អាចរំពឹងបានដែរ ឬ ថា រូបភាពថ្លៃៗ​របស់សត្វស្វាទាំងនោះ នឹងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង។ ដោយឡែកពិភព គ្រីបតូ វិញ មហាសេដ្ឋីរូបនេះថា គ្មានអ្វីនិយាយច្រើនឡើយ តែនាំគ្នាសម្លឹងមើលទៅការធ្លាក់ចុះរបស់វាទៅ អ្នកនឹងអាចដឹងបានហើយ។ ផ្ទុយទៅវិញ នៅពេលនិយាយអំពីការវិនិយោគ លោកនៅតែជឿជាក់ លើតម្លៃនៃការវិនិយោគប្រាក់ទៅកាន់ទ្រព្យសកម្មជាក់ស្ដែងដូចជា កសិដ្ឋានដែលមានទិន្នផល ឬក្រុមហ៊ុនដែលផលិតផលិតផលជាដើម។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេ ដែលមហាសេដ្ឋីរូបនេះបាន លើកឡើងពីភាពគ្មានប្រយោជន៍របស់ទ្រពសម្បត្តិឌីជីថល ពោលគឺ កាលពីខែកុម្ភៈ មហាសេដ្ឋីរូបនេះបានប្រាប់ពីមូលហេតុ ដែលលោកមិនវិនិយោគនៅក្នុង Bitcoin ហើយថែមទាំងណែនាំអ្នកដែលវិនិយោគនៅក្នុងនោះ មានការប្រុងប្រយ័ត្ននឹងគិតគូរឱ្យច្បាស់លាស់ទៀតផង ទាំងដែលកាលនោះ Bitcoin កំពុងតែឡើងខ្លាំង និងរីកចម្រើន៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur