រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើសុំឱ្យក្រុមហ៊ុនអ៉ីស្រាអែល បង្កើនចំនួននិស្សិតទៅធ្វើកម្មសិក្សា នៅក្រៅប្រទេសឱ្យបានកាន់តែច្រើនបន្ថែមទៀត
សេដ្ឋកិច្ច June 16, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មបានស្នើសុំឱ្យក្រុមហ៊ុន Agrostudies បង្កើនចំនួននិស្សិត ទៅធ្វើកម្មសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការធនធានមនុស្ស ក្នុងវិស័យកសិកម្ម ដែលមាននិន្នាការកើនឡើងជាលំដាប់។

ការស្នើសុំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើឡើងក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Yaron Tamir នាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) និងសហការី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកYaron Tamirដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយសាកល វិទ្យាល័យ ភូមិន្ទកសិកម្ម (RUA) ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស លើវិស័យកសិកម្មតាមរយៈ ការផ្តល់ ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ២០០៨ រហូតមកទល់បច្ចុប្បន្នមានរយៈពេល១៤ឆ្នាំហើយ។

លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលផ្តល់ឱកាសឲ្យដល់និស្សិតទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែលរយ:ពេល ១១ខែជារៀងរាល់ឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មសិក្សានេះបានបង្កើនចំណេះដឹងបច្ចេកទេស តាមរយ:ការបណ្តុះ បណ្តាលទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងដល់សិក្ខាកាមវ័យក្មេងដែលមានសក្តានុពល បានយល់ដឹង កាន់តែស៊ីជម្រៅអំពីរបៀបរបបរស់នៅ និងធ្វើការងារជាក្រុម ជាបុគ្គលមានការទទួលខុសត្រូវ មានវិន័យ ជាអ្នកគ្រប់គ្រង ដឹកនាំ សហការល្អ និងខិតខំសិក្សារៀនសូត្រអំពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីអភិវឌ្ឍ ខ្លួនគេ និងប្រទេសកំណើតរបស់ខ្លួន។

ជាក់ស្តែង និស្សិតដែលត្រឡប់មកមាតុភូមិវិញ បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយ បច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលខ្លួនបានសិក្សារៀនសូត្រជូនប្រជាកសិករ ខ្លះបម្រើការឲ្យក្រុមហ៊ុន និងខ្លះទៀតធ្វើអាជីវកម្មកសិកម្មដោយខ្លួនគេផ្ទាល់ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សំណូមពរឱ្យក្រុមហ៊ុន Agrostudies បន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរ ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ វិស័យកសិកម្ម កម្ពុជាមានលក្ខណៈទំនើបកម្ម ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ នវានុវត្តន៍ និងចូលរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ។

ដោយឡែកសកលវិទ្យាល័យភូមិន្ទកសិកម្ម គួររៀបចំចងក្រងបញ្ជីឈ្មោះនិស្សិតកម្មសិក្សា សិក្សាស្រាវជ្រាវ ឲ្យបានឃើញពីសកម្មភាពការចូលរួម អភិវឌ្ឍវិស័យកសិកម្មបន្ទាប់ពីបានបញ្ចប់កម្មសិក្សារបស់ពួកគេ ទំនាក់ទំនង និងការរីកចម្រើនទាំងចំណេះដឹងវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម។ល។

លោកនាយកក្រុមហ៊ុន បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជូនចំពោះឯកឧត្ដម រដ្ឋមន្រ្តី ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ធ្វើឱ្យកម្មសិក្សាដែលមានអាយុ១៤ឆ្នាំកន្លងមក ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ។ ថ្មីៗនេះ លោកបានចុះជួបអតីតនិស្សិតកម្មសិក្សាម្នាក់ ដែលកំពុង ធ្វើអាជីវកម្មដាំផ្សិតផ្ទាល់ខ្លួន មានលក្ខណៈរីកចម្រើនល្អប្រសើរ ហើយលោកចង់ឃើញនិស្សិតផ្សេងទៀត មានសកម្មភាពដូចគេម្នាក់នេះដែរ។ ហេតុនេះហើយ នាអនាគតដ៏ខ្លី ក្រុមហ៊ុនមានបំណងសហការជាមួយ ក្រសួង បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មកម្ពុជា ដោយប្រើប្រាស់និស្សិតដែលបាន បញ្ចប់កម្មសិក្សា មកធ្វើជាគ្រូបង្គោល ធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករ ។ លោកបានបន្តថា កន្លងមកនិស្សិតកម្ពុជាទទួលបានការកោតសរសើរពីកសិករអ៊ីស្រាអែលថាជា និស្សិត មានការតស៊ូ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពវិន័យបានល្អ ហើយនេះគឺជាដើមទុន ឬជាទ្រព្យ យ៉ាងល្អ សម្រាប់កសាងអនាគតខ្លួនគេ។

ទាក់ទងនឹងសំណើរក្សា ឬបង្កើនចំនួននិស្សិតឲ្យទៅធ្វើកម្មសិក្សានោះ លោកនាយកក្រុមហ៊ុនបាន ជម្រាបថា នៅចុងខែនេះឬដើមខែកក្តដា លោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែល នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយឆ្លៀតឱកាសនេះ លោកជំទាវក៏មានកម្មវិធីជួបជាមួយឯកឧត្តមរដ្ឋមន្រ្តី នឹងជម្រាបជូន អំពីសំណើនេះដោយផ្ទាល់ផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន