ក្រសួងពាណិជ្ជកម្មថៃ ធានាគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដោយមិនឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ហើយអ្នកផលិត និងកសិករ
សេដ្ឋកិច្ច June 15, 2022 Khmernote

រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងនឹងធានាតម្លៃទំនិញប្រើប្រាស់ ឱ្យនៅក្នុងកម្រិតធម្មតាឱ្យបានយូរតាមដែលអាចធ្វើទៅបាន ហើយក៏គិតគូរពីតម្រូវការរបស់អ្នកផលិតផងដែរ។ លោក Jurin Laksanawisit បាននិយាយថា ក្រសួងកំពុងព្យាយាមគ្រប់គ្រងតម្លៃ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ហើយអ្នកផលិត និងកសិករក៏ត្រូវតែយកចិត្តទុកដាក់ដូចគ្នាដែរ។

លោក Jurin បានបន្តថា ក្រសួងកំពុងអនុវត្ត “គំរូឈ្នះ-ឈ្នះ” ដែលកសិករ ក្រុមហ៊ុនផលិត អាជីវកម្ម និងអ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍រួមគ្នា។ ជាក់ស្ដែង រហូតមកដល់ពេលនេះ ក្រសួងបានគ្រប់គ្រងតម្លៃទំនិញតាមប្រភេទជាច្រើនរួចហើយ។ តួយ៉ាង តម្លៃសម្រាប់ទំនិញមួយចំនួនបានធ្លាក់ចុះនៅក្នុងខែឧសភា ដូចជា៖ អង្ករផ្កាម្លិះធ្លាក់ចុះ ២២% ក្នុងមួយថង់ទម្ងន់ ៥គីឡូក្រាម អង្ករសធ្លាក់ចុះ ២៨% ធូណាកំប៉ុង ២% ទឹកស៊ីអ៉ីវ ៦% ទឹកស៊ីអ៊ីវខ្មៅ ១០% ទឹកត្រី ២០% និងសម្ភារសំណង់ និង ស៊ីម៉ងត៍ ៥% នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​តាម​ប្រព័ន្ធ​អនឡាញ​ផ្សេងៗ ក៏​មិន​បាន​កើន​ឡើង​ឡើយ ដោយសារ​តែ​ក្រសួង​បាន​ជួយបំពេញ ថ្លៃ​ដឹក​ជញ្ជូន ហើយប្រសិនបើការចំណាយដើមទុនពិតជាខ្ពស់ និងឡើងខ្ពស់ (ក្រសួង) នឹងស្វែងរកតុល្យភាពរវាងការកំណត់តម្លៃឱ្យបានយូរតាមដែលអាចធ្វើទៅបាន និងជៀសវាងការខ្វះខាតផលិតផល៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost