យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា គិតមកដល់ខែមិថុនានេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បាន ៣៣%ហើយ ខណៈគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ អាចនឹងយឺតជាងផែនការរហូតដល់ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដឹកនាំអ្នកវិនិយោគជាច្រើនរូប ចុះទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមិថុនានេះ បានថ្លែងថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៣ ឬដើមឆ្នាំ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវការ នៅដើមឆ្នាំដើម២០២៥ ។
ឯកឧត្តមបានបន្តថា ក្នុងរយៈពេលជាង២ឆ្នាំនេះ បើទោះជាកម្ពុជាជួបវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការការសាងសង់ព្រលានយន្តហោះអន្តរជាតិមួយនេះ នៅតែបន្តដំណើរការការសាងសង់យ៉ាងសកម្ម។
ឯកឧត្តមបន្តថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់។ ក្នុងដំណាក់កាលទី១នេះ ក្រុមហ៊ុនបាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គីឡូម៉ែត្រ សម្រាប់ចុះចតយន្តហោះខា្នត ធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០។ ដំណាក់កាលទី២ ក្រុមហ៊ុននឹងពង្រីកសាងសាងផ្លូវរត់ចំនួន២ស្របគ្នា ដែលអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០៥០តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី៣ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិឱ្យបាន ៤៥លាននាក់ក្នុង១ឆ្នាំ។
គួរជម្រាបថា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ពាន់ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕




ប្រភព៖ ក្រសួងព័ត៌មាន


