អស់ជាច្រើនទសវត្សរ៍មកហើយ ដែលឧស្សាហកម្មអឺរ៉ុបបានពឹងផ្អែកលើរុស្ស៊ីក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិដែលមានតម្លៃទាប ដែលធ្វើឱ្យរោងចក្រនៅទ្វីបនេះជួបប្រទះនឹងបញ្ហាក្នុងពេលបច្ចុប្បន្ន ដោយសារការចំណាយលើថាមពលកំពុងកើនឡើង បន្ទាប់ពីសង្រ្គាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
រោងចក្រនានា កំពុងព្យាយាមស្វែងរកជម្រើសជំនួសថាមពលរបស់រុស្ស៊ី ក្រោមការគំរាមកំហែងថា ទីក្រុងម៉ូស្គូអាចបិទបំពង់ហ្គាសភ្លាមៗ ដែលនាំឱ្យផលិតកម្មត្រូវផ្អាក។ អ្នកផលិតសារធាតុគីមី ជី ដែក និងទំនិញប្រើប្រាស់ថាមពលផ្សេងទៀតរបស់អឺរ៉ុប បានស្ថិតនៅក្រោមសម្ពាធក្នុងរយៈពេលប្រាំបីខែចុងក្រោយនេះ ខណៈដែលភាពតានតឹងជាមួយរុស្ស៊ីបានកើនឡើងមុនការឈ្លានពានខែកុម្ភៈ។
សម្ពាធនេះទៀតសោត បានធ្វើឱ្យក្រុមហ៊ុនផលិតមួយចំនួនកំពុងបិទទ្វារ ស្របពេលដែលកំពុងស្ថិតក្នុងការប្រកួតប្រជែងពីរោងចក្រនៅសហរដ្ឋអាមេរិក មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតដែលតម្លៃថាមពលទាបជាងនៅអឺរ៉ុបច្រើន។ គួរបញ្ជាក់ផងដែរថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនធ្វើឲ្យអឺរ៉ុបរៀបចំបែងចែកឧស្ម័ន ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បិទការផ្គត់ផ្គង់ដល់តំបន់ទាំងមូល។
ក្រុមហ៊ុនឧស្ម័នធម្មជាតិរបស់រដ្ឋរុស្ស៊ី Gazprom PJSC បានកាត់ផ្តាច់ប្រទេសប៊ុលហ្គារី ហ្វាំងឡង់ និងប៉ូឡូញរួចហើយ បន្ទាប់ពីប្រទេសទាំងនោះបដិសេធមិនព្រមទទួលយកក្រឹត្យរបស់វិមានក្រឹមឡាំងដែលទាមទារឱ្យបង់ប្រាក់សម្រាប់ឧស្ម័នជាប្រាក់រូប។ ជាមួយគ្នានេះ គិតត្រឹមឆ្នាំមុន រុស្ស៊ីបានផ្គត់ផ្គង់ប្រហែល ៤០% នៃឧស្ម័នធម្មជាតិរបស់សហភាពអឺរ៉ុប ហើយតម្លៃថាមពលខ្ពស់របស់អឺរ៉ុប ត្រូវបានគេព្យាករណ៍ថានឹងប៉ះពាល់លើផលិតកម្មឧស្សាហកម្មក្នុងតំបន់ និងកំណើនសេដ្ឋកិច្ចទាំងមូលនៅឆ្នាំនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


