ក្រុមហ៊ុន Agrostudies Agriculture Capacity Building មកពីប្រទេសអ៉ីស្រាអែល មានបំណងសហការជាមួយក្រសួងកសិកម្មបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មកម្ពុជា ដោយប្រើប្រាស់និស្សិតដែលបានបញ្ចប់កម្មសិក្សានៅអ៉ីស្រាអែលមកធ្វើជាគ្រូបង្គោល ធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករ។
គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ជាមួយលោក Yaron Tamir ជានាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) និងសហការី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ លោកនាយកក្រុមហ៊ុនបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជូនចំពោះ ឯករដ្ឋមន្រ្តីដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរធ្វើឲ្យកម្មសិក្សាដែលមានអាយុ ១៤ឆ្នាំកន្លងមកទទួលបានលទ្ធផលគួរឲ្យកត់សំគាល់។ ថ្មីៗនេះ លោកបានចុះជួបអតីតនិស្សិតកម្ម សិក្សាម្នាក់ដែលកំពុងធ្វើអាជីវកម្មដាំផ្សិតផ្ទាល់ខ្លួន មានលក្ខណៈរីកចម្រើនល្អប្រសើរ ហើយលោកចង់ឃើញនិស្សិតផ្សេងទៀតមានសកម្មភាពដូចគេម្នាក់នេះដែរ។ ហេតុនេះហើយ នាអនាគតដ៏ខ្លី ក្រុមហ៊ុនមានបំណងសហការជាមួយក្រសួងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មកម្ពុជា ដោយប្រើប្រាស់និស្សិតដែលបានបញ្ចប់កម្មសិក្សាមកធ្វើជាគ្រូបង្គោល ធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករ។
លោកបានបន្តថា កន្លងមកនិស្សិតកម្ពុជាទទួលបានការកោតសរសើរពីកសិករអីស្រាអែល ថាជានិស្សិតមានការតស៊ូ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពវិន័យបានល្អ ហើយនេះគឺជាដើមទុន ឬជាទ្រព្យយ៉ាងល្អសម្រាប់កសាងអនាគតខ្លួនគេ។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការបានឲ្យដឹងថា កម្មវិធីហាត់ការ នៅប្រទេសអ៉ីស្រាអែល (RUA) បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ គិតមកដល់បច្ចុប្បន្នមានអាយុ ១៤ឆ្នាំហើយ មាននិស្សិតសរុបចំនួន ១ ៤៦៩នាក់។ ឆ្នាំ២០២១ មាននិស្សិត ២០០នាក់ ក្នុងនោះ RUA ចំនួន ១៦៥នាក់ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ១៨នាក់ សាកលវិទ្យាល័យស្វាយរៀងចំនួន ១១នាក់ និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំចំនួន ៦នាក់។ និស្សិតទាំង ២០០នាក់បានទៅរៀនយកជំនាញរៀងខ្លួន មានជាអាទិ៍ ៖ ១. ស្តង់ដារកសិកម្មអន្តរជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. អភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ៨. ការធ្វើកសិកម្មឈើហូបផ្លែ និង ៩. និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន៖ ១. ការចិញ្ចឹមមាន់ ២. សាកវប្បកម្ម ៣. ការប្រមូលផល និងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត និង ៦. គ្រាប់ពូជជាដើម៕


អត្ថបទ៖ លីនី


