ស៊ុត កាហ្វេ និងសំបុត្រយន្តហោះនៅអាមេរិក ឡើងថ្លៃខ្លាំង ដោយសារអតិផរណាឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ៤១ឆ្នាំមកនេះ
សេដ្ឋកិច្ច June 13, 2022 Khmernote

អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើង ៨.៦% នៅក្នុងខែឧសភា ដែលជាកើនឡើង​លឿនបំផុតក្នុងរយៈពេល ៤១ឆ្នាំ។ ការកើនឡើងនេះ បានធ្វើឱ្យតម្លៃទំនិញមួយចំនួន ឡើងថ្លៃជាងទំនិញផ្សេងទៀតក្នុងនោះមាន ស៊ុត សំបុត្រយន្តហោះ និងកាហ្វេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Businessinsider។

ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ពីការិយាល័យស្ថិតិការងារបង្ហាញថា ទំនិញមួយចំនួនបានកើនឡើងច្រើនជាង ៥០% នៅក្នុងឆ្នាំមុន។ ផលិតផលដែលប្រើប្រាស់សាំង បានឡើងថ្លៃលឿនបំផុតក្នុងឆ្នាំកន្លងទៅ ដោយសារការផ្គត់ផ្គង់ថាមពលដ៏តឹងរ៉ឹង។ ទន្ទឹមនឹងនេះ របស់​ប្រើប្រាស់ចាំបាច់​ប្រចាំថ្ងៃ ជាពិសេស​អាហារ​ពេលព្រឹក​ខ្លះ​ ក៏​បាន​កើនឡើង​ច្រើន​ជាង​មធ្យម ៨.៦% ដែល​បង្ហាញ​ពី​ភាព​តានតឹង​របស់អ្នកប្រើប្រាស់។

ជាក់ស្ដែង តម្លៃស៊ុតបានកើនឡើង ៣៦.២% នៅក្នុងឆ្នាំមុន បន្ទាប់មក កាហ្វេ បានកើនឡើង ២៨.៩% ខណៈសំបុត្រយន្តហោះបានកើនឡើង ៣៨.៨% ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយសារការកើនឡើងនៃតម្រូវការសម្រាប់ការធ្វើដំណើររួមជាមួយនឹងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ និងកង្វះកម្លាំងពលកម្ម។

ទោះជាយ៉ាងណាក្ដី អ្នកលក់រាយរួមទាំង Target និង Walmart កំពុងដោះស្រាយជាមួយនឹងភាគហ៊ុនជាច្រើន ដែលត្រូវបានគេរំពឹងថា នឹងនាំឱ្យមានការបញ្ចុះតម្លៃ ប៉ុន្តែក្រុមហ៊ុនទាំងពីរនៅតែរំពឹងថា ការចំណាយរបស់អតិថិជននឹងនៅតែកើនឡើងដោយជៀសមិនរួចដដែល៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider