ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានរនាំងដែកណាមួយ ឬ អ្វីក៏ដោយ មកបិទសេដ្ឋកិច្ចរុស្ស៊ីបានទេ ទោះបីជាមានការដាក់ទណ្ឌកម្មដោយលោកខាងលិចក៏ដោយ ព្រោះទីក្រុងម៉ូស្គូ នឹងមិនបំបាត់ខ្លួនចេញពីពិភពលោកដូចសហភាពសូវៀតបានធ្វើនោះទេ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរូបនេះ បានអះអាងថា សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែបើកចំហ សេដ្ឋកិច្ចរបស់យើងនឹងមិនបិទ ឬ ជាប់គាំងឡើយ។ លោក ពូទីន បានលើកឡើងដូច្នេះ បន្ទាប់ពីត្រូវបានសួរអំពីកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយដៃគូដូចជាចិន និងឥណ្ឌា ចំពេលដែលសេដ្ឋកិច្ចកំពុងរុំព័ទ្ធដោយទណ្ឌកម្ម។
មិនតែប៉ុណ្ណោះ លោក ពូទីន បានបញ្ជាក់យ៉ាងមុតមាំថា រុស្ស៊ីនឹងមិនសាងកំហុសដដែលៗឡើយ ដូចនៅសម័យសូវៀតនៅពេលដែលយើងកាត់ខ្លួនយើងបង្កើតអ្វីដែលគេហៅថារនាំងដែក។ លោកពូទីន ដែលបានកើតនៅក្នុងសហភាពសូវៀត ដែលក្នុងឆ្នាំ២០០៥ បានទម្លាក់ការដួលរលំនៃសហភាពសូវៀតថា ជាមហន្តរាយភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៃសតវត្សទី២០ ដោយសារតែប្រជាជនរុស្ស៊ីរាប់សិបលាននាក់ធ្លាក់ចូលភាពក្រីក្រ ហើយរុស្ស៊ីបានប្រឈមមុខនឹងការបែកបាក់។
ប្រធានធិបតីរុស្ស៊ីក៏បាននិយាយថា៖ “លោកខាងលិចចង់បំផ្លាញរុស្ស៊ី ដោយទណ្ឌកម្មសេដ្ឋកិច្ចគឺស្រដៀងនឹងការប្រកាសសង្គ្រាមសេដ្ឋកិច្ច។ ប៉ុន្តែ ប្រទេសមួយដូចជា រុស្ស៊ីមិនអាចត្រូវបានគេហ៊ុមព័ទ្ធទេ”។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្រុមហ៊ុន និងអ្នកវិនិយោគធំៗរបស់អាមេរិក និងអឺរ៉ុបចាកចេញពីប្រទេសរុស្ស៊ី ទីក្រុងមូស្គូនិយាយថា ខ្លួននឹងងាកចេញពីលោកខាងលិច ហើយផ្តោតលើការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុករបស់ខ្លួន និងអភិវឌ្ឍភាពជាដៃគូជាមួយប្រទេសចិន ឥណ្ឌា និងមហាអំណាចនៅមជ្ឈិមបូព៌ា៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


