រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ទីរកសិកម្មរាជធានី- ខេត្ត ជំរុញការងារផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២ ឱ្យបានល្អប្រសើរ ដើម្បីធានាបានការផ្គត់ផ្គង់
សេដ្ឋកិច្ច June 11, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ទីរកសិកម្ម រាជធានី- ខេត្ត ជំរុញការងារផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ ២០២២ ឱ្យបានល្អប្រសើរ ដើម្បីបង្កើនទិន្នផលស្រូវឱ្យទទួលបានជោគជ័យ និងសម្រេចតាមផែនការ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំ ស្រូវរដូវវស្សាអនុវត្តបានប្រមាណ៧៦២ ៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ ២ ៦១៩ ៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ ៦៥០ ០០០ហិកតា ដែលប្រការនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំហើយអាចនឹងឈានដល់ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ។

តាមរបាយការណ៍ ក្នុងនោះមានខេត្តចំនួន៣ ដែលអនុវត្តយឺតជាងគេ បើធៀបជាមួយឆ្នាំមុន រួមមាន៖ខេត្តកំពង់ធំ អនុវត្តបានចំនួន៥៩ ៣៤៥ ហិកតា ស្មើនឹង២៧,៨២% នៃផែនការចំនួន១៨៩ ៧៣០ហិកតាយឺតជាងឆ្នាំមុនចំនួន៩៨ ១២៧ហិកតា។ ខេត្តតាកែវ អនុវត្តបានចំនួន៧៨ ៦៩២ ហិកតា ស្មើនឹង៤៣,៧២%នៃផែនការចំនួន១៨០០០០ ហិកតា យឺតជាងឆ្នាំមុនចំនួន ៨៦ ៦៩២ហិកតា ។ ខេត្តសៀមរាប អនុវត្តបានចំនួន២១ ៤៧០ហិកតា ស្មើ នឹង១១,៣២% នៃផែនការចំនួន២១៣ ៣០០ហិកតា យឺតជាងឆ្នាំមុនចំនួន៨២ ៩០១ហិកតា ។

ឯកឧត្តម បានបន្តថា ដើម្បីជំរុញល្បឿនការងារបង្កបង្កើន ផលស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យ និងសម្រេចតាមផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ ចេញនូវវិធានការណែនាំមួយ ចំនួនដូចខាងក្រោម ៖អគ្គនាយកដ្ឋានកសិកម្មនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញជុំវិញខេត្តនិងអាជ្ញាធរមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះផ្ទៀងផ្ទាត់តួលេខល្បឿនការងារបង្កបង្កើនផលជាក់ស្ដែង កំណត់មូលហេតុចម្បងៗដែលបណ្ដាលឱ្យការងារបង្កបង្កើនផលស្រូវមានការយឺតយ៉ាវ និងដាក់ ចេញនូវវិធានការបន្ទាន់ចំពោះមុខដើម្បីដោះស្រាយការរាំងស្ទះដល់ល្បឿនការងារបង្កបង្កើនផលក្នុងភូមិសាស្ត្ររបស់ខ្លួន។ អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដើម្បីជំរុញការដាំដុះនៅតាមតំបន់ដែលមានការដាំដុះយឺតនិងផ្សព្វផ្សាយបច្ចេកទេសដាំដុះសមស្របទៅតាមលក្ខខណ្ឌនៃប្រព័ន្ធក្សេត្របរិស្ថានដំណាំ ស្រូវ។ ទន្ទឹមនឹងនេះ ត្រូវត្រៀមគ្រឿងយន្តកសិកម្មដើម្បីអន្តរាគមន៍ភ្ជួររាស់ និងរំដោះទឹកចេញពីស្រែជូនប្រជា កសិករដែលទទួលរងផលប៉ះពាល់និងខូចខាតស្រូវដោយសារទឹកជំនន់ ជាពិសេ សចំពោះគ្រួសារក្រីក្រខ្វះលទ្ធភាព ។

ឯកឧត្តមបានបន្ថែមថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីវាយ តម្លៃការខូចខាតស្រូវដោយ សារជំនន់ទឹកភ្លៀងឱ្យបានរួសរាន់និងលើកសំណើទៅលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ សុំគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យបានទាន់ពេលវេលា ។

ចំណែកអគ្គនាយកដ្ឋានកសិ កម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត អង្គភាពជំនាញទាំងអស់ ត្រូវសហការជាមួយមន្ទីរជំនាញជុំវិញរាជធានី ខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ដោយត្រូវប្រើប្រាស់កម្លាំងសរុប និងធនធានសរុប ដើម្បីជំរុញការងារបង្កបង្កើន ផលដំណាំស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យតាមផែន ការដែលបានគ្រោងទុក ៕

ប្រភព៖ ក្រសួងព័ត៌មាន