យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា និន្នាការនាំចេញអង្កររបស់កម្ពុជា ទៅកាន់អឺរ៉ុបបានស្ទុះឡើងវិញ ក្រោយការកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប រយៈ ៣ឆ្នាំបញ្ចប់សុពលភាព កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅរយៈពេល ៥ខែឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែឧសភា កម្ពុជានាំចេញអង្ករទៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើនចំនួន ៤៩.២៦% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
ថ្លែងប្រាប់កាលពីរសៀលថ្ងៃទី៧ ខែមិថុនានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា កើនឡើងវិញនៃការនាំចេញទៅអឺរ៉ុបនេះ បានមកពីបច្ច័យល្អនៃការផុតសុពលភាព ការយកពន្ធលើអង្ករកម្ពុជា ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់២០២១។
លោកអគ្គលេខាធិការបញ្ជាក់ថា «កំណើនឡើងវិញនៃការនាំចេញអង្ករទៅកាន់ទ្វីបអឺរ៉ុបនេះ គឺបង្ហាញពីការវិលត្រឡប់ទៅរកស្ថានភាពដើមមុនឆ្នាំ២០១៩ ដែលមិនទាន់មានការដាក់ពន្ធ។ សូមបញ្ជាក់ផងដែរថា ប្រទេសបារាំង ជាប់ចំណាត់លេខ១ ក្នុងទ្វីបអឺរ៉ុប ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ។ ក្នុងរយៈពេល៥ខែមកនេះ បារាំងទិញអង្ករជាង៣.៦ម៉ឺនតោន, លេខ២ ប្រទេសហូឡង់ ចំនួនជាង១ម៉ឺនតោន៕



ប្រភព៖ ក្រសួងព័ត៌មាន


