ភ្នំពេញ ទទួលបានគម្រោងវិនិយោគថ្មីៗពីវិស័យឯកជនជាង ១ពាន់គម្រោង គិតត្រឹមដើមឆ្នាំ២០២២នេះ
សេដ្ឋកិច្ច June 8, 2022 Khmernote

យោងតាមការចុះផ្សាយក្រសួងព័ត៌មានបានឱ្យដឹងថា ភ្នំពេញទទួលបានគម្រោងវិនិយោគថ្មីៗពីវិស័យឯកជនជាង ១ពាន់គម្រោងលើផ្ទៃដី សាងសង់ប្រមាណ ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគជាង ២,២៦ពាន់លានដុល្លារ គិតត្រឹមដើមឆ្នាំ២០២២នេះ។

របាយការណ៍នេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Time Square នាព្រឹកថ្ងៃទី០៧ ខែមិថុនានេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា វិស័យសំណង់បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមដល់ការងើបឡើងវិញ នៃ សេដ្ឋកិច្ចកម្ពុជា ក្រោយរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ជាង២ឆ្នាំកន្លងមក។ វិស័យសំណង់ ជាវិស័យ១ក្នុងចំណោមវិស័យអាទិភាពធំៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីពង្រឹង និងស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យកសិកម្មឧស្សាហកម្ម និងទេសចរណ៍។

ឯកឧត្តមបញ្ជាក់ថា ដើម្បីជំរុញ និងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន និង លើកទឹកចិត្តចំពោះការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្ម នៅកម្ពុជាពីធុរជន អន្តរជាតិ កាន់តែច្រើននៅក្នុងទីផ្សារកម្ពុជានោះ កម្ពុជាព្យាយាមសម្រួលនូវច្បាប់វិនិយោគ និងផ្តល់នូវ លក្ខខណ្ឌអំណោយផលជាច្រើនដល់អ្នកវិនិយោគបរទេស។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងថា វិនិយោគិនចិន អាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើវិស័យ សំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសក្តានុពលមួយចំនួនផ្សេងទៀត ហើយតាមការព្យាករណ៍ អាចនឹងមានគម្រោងវិនិយោគច្រើននៅចុងឆ្នាំនេះ។

លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ស្ថានភាពទិញលក់អចលនទ្រព្យនៅក្នុង ទីផ្សារកម្ពុជាបច្ចុប្បន្ន ស្ថានភាពទិញលក់ បាន និងកំពុងងើបឡើងវិញជាបណ្ដើរៗហើយ ជាក់ស្តែងដូចជាការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ទាំងនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកនៅតែលើកទឹកចិត្តដល់ ពលរដ្ឋ ដែលមានលទ្ធភាពទិញខុនដូរ ឬផ្ទះល្វែងសម្រាប់ស្នាក់នៅគ្រានេះ ជាឱកាសល្អ ព្រោះតម្លៃក្នុងពេលជំងឺកូវីដ-១៩ ស្ថិតនៅក្រោមតម្លៃទីផ្សារ។

គួរបញ្ជាក់ថា បើតាមការព្យាករណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា អត្រាកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញ ក្នុងអត្រា ២,៤ ភាគរយ ក្នុងឆ្នាំ២០២១ ហើយនឹងកើនដល់ ៤,៨ភាគរយ ក្នុងឆ្នាំ២០២២ ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកនៅតែមានភាពល្អប្រសើរ និងការកើនឡើង សន្សឹមៗនៃលំហូរទុនវិនិយោគពីបរទេសផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន