មេធំ Tesla មានអារម្មណ៍មិនល្អចំពោះសេដ្ឋកិច្ចពិភពលោក ហើយចង់កាត់បន្ថយបុគ្គលិក ១០%
សេដ្ឋកិច្ច June 4, 2022 Khmernote

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា នឹងកាត់បន្ថយបុគ្គលិក ១០% នៃចំនួនបុគ្គលិកទាំងអស់នៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នេះបើតាមសារព័ត៌មាន Reuters។ មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ បានផ្ញើសារទៅកាន់បុគ្គលិកជាន់ខ្ពស់របស់ខ្លួនតាមអ៉ីមែលកាលពីថ្ងៃព្រហស្បតិ៍ ដោយបាន​លើកឡើងពីកង្វល់របស់គាត់អំពីសេដ្ឋកិច្ច ហើយបានប្រាប់ឱ្យពួកគេផ្អាកការជួលបុគ្គលិកថ្មីទាំងអស់នៅគ្រប់រោចក្រ និងក្រុមហ៊ុនរបស់ខ្លួនទូទាំងពិភពលោក។

មិនតែប៉ុណ្ណោះ Musk បានផ្ញើអ៉ីមែល ១ផ្សេងទៀតទៅកាន់និយោជិតកាលពីថ្ងៃសុក្រ ដោយនិយាយថា ក្រុមហ៊ុន Tesla នឹងកាត់បន្ថយចំនួនប្រាក់ខែចំនួន ១០ភាគរយ ដោយសារបុគ្គលិកច្រើនលើសលប់នៅក្នុងតំបន់ជាច្រើន។ ប៉ុន្តែ​លោក​បាន​មាន​និយាយា​ថា ចំនួន​អ្នក​ថែមម៉ោង​នឹង​កើន​ឡើង។

គួរបញ្ជាក់ផងដែរថា ទស្សនវិស័យដ៏អាក្រក់នេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីមហាសេដ្ឋីបានប្រាប់បុគ្គលិកឱ្យត្រឡប់ទៅកន្លែងធ្វើការ ឬឈប់ពីក្រុមហ៊ុនបើមិនចង់មកធ្វើការនៅក្រុមហ៊ុន ហើយបន្ថែមការព្រមានកាន់តែខ្លាំងឡើងទៅអ្នកដឹកនាំអាជីវកម្មអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ Musk បានព្រមានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ប៉ុន្តែអ៉ីមែលរបស់គាត់ដែលបញ្ជាឱ្យបញ្ឈប់ការជួល និងការកាត់បន្ថយបុគ្គលិក គឺជាសារផ្ទាល់ និងម៉ឺងមាត់បំផុតពីប្រធានក្រុមហ៊ុនផលិតរថយន្ត៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress