កាលពីសប្ដាហ៍មុន រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា ខ្លួននឹងបញ្ឈប់ការនាំចេញមាន់ទាំងស្រុងចាប់ពីខែមិថុនាតទៅ រហូតដល់ផលិតកម្ម និងតម្លៃមានស្ថិរភាពឡើងវិញ ចំពេលដែលតម្លៃចំណីមាន់ឡើងថ្លៃ។ ដោយសារតែដូច្នេះ បានធ្វើឱ្យប្រទេសសិង្ហបុរីដែលនាំចូលសាច់មាន់ និងមាន់រស់ពីម៉ាឡេស៊ីចំនួន ៣៤% ត្រូវប្រឈមមុខនឹងកង្វះខាត។
ជាមួយគ្នានេះដែរ ការបញ្ឈប់ការនាំចេញរបស់រដ្ឋាភិបាលនេះ បានធ្វើឱ្យកសិករចិញ្ចឹមមាន់ម៉ាឡេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្ដែងកសិករដែលមានឈ្មោះថា Syaizul Abdullah Syamil Zulkaffly បានឱ្យដឹងថា គាត់ចាប់ផ្ដើមមានអារម្មណ៍ថា ការចំណាយលើកសិដ្ឋានគឺកាន់តែខ្ពស់ក្នុងអំឡុងពេលជំងឺរាតត្បាតជំងឺកូវីដ-១៩ នេះ ហើយការហាមប្រាមការនាំចេញនេះ នឹងធ្វើឱ្យអ្វីៗកាន់តែអាក្រក់សម្រាប់កសិករចិញ្ចឹមសត្វ។
លោកបន្តថា ការហាមឃាត់នឹងមានការខូចខាត ប៉ុន្តែការបន្តនាំចេញក៏មានផលវិបាកផងដែរ ដោយនៅពេលផ្អាកការនាំចេញ ប្រទេសដែលនាំចូលមាន់ពីយើង គេនឹងរកអ្នកផ្គត់ផ្គង់ថ្មីពីប្រទេសផ្សេងទៀត ដែលធ្វើឱ្យយើងពិបាកនឹងទាក់ទាញពួកគេមកវិញនៅពេលក្រោយ។
ដោយឡែកងាកទៅមើលអ្នកលក់មាន់ពីម៉ាឡេស៊ីនៅក្នុងប្រទេសសិង្ហបុរីវិញក៏ពិបាកមិនចាញ់កសិករដែរ ពោលគឺមិនថា អ្នកលក់តូចតាច អ្នកលក់បាយមាន់ ឬយីហោ McDonald’s នោះទេ ពួកគេសុទ្ធតែជួបផលវិបាក ដោយសារកន្លងមកតែងតែនាំចូលមាន់រស់ពីម៉ាឡេស៊ី មកលក់ និងផ្គត់ផ្គង់ ដូច្នេះបើម៉ាឡេស៊ីផ្អាកនាំចេញ ពួកគេត្រូវបង្ខំទិញសាច់មាន់កកពីប្រទេសប្រេស៊ីលវិញ ដើម្បីបន្តអាជីវកម្មរបស់ពួកគេ៕




អត្ថបទ៖ លីនី
ប្រភព៖ nationthailand


