សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលនៅតែបន្តអូសបន្លាយពេលមកទល់ពេលនេះ បានទាញឱ្យប្រទេសជាច្រើនជួបវិបត្តិជាពិសេស វិបត្តិប្រេង និងវិបត្តិស្បៀងអាហារ។ យ៉ាងណាមិញ ដោយសារស្ថានភាពកាន់តែយ៉ាប់ទៅៗ នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio និងប្រធានាធិបតីបារាំង Emmanuel Macron បានយល់ព្រមធ្វើការរួមគ្នា ដើម្បីជួយប្រទេសដែលកំពុងប្រឈមមុខនឹងបញ្ហាស្បៀងអាហារ និងថាមពល។
លោក Kishida និង Macron បាននិយាយគ្នាតាមទូរស័ព្ទប្រហែល ២០នាទីកាលពីថ្ងៃពុធ ម្សិលមិញនេះ ដោយលោក Kishida បានអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏ដូចជាបង្កើតតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។
ជាការឆ្លើយតប លោក Macron បាននិយាយថា លោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខជាតិ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនើ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា ក្រុមប្រទេសទាំងប្រាំពីរគួរតែធ្វើការរួមគ្នា ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ី និងជួយអ៊ុយក្រែន។ លោក Kishida ក៏បានបន្ថែមថា រដ្ឋាភិបាលរបស់លោកបានជំរុញឱ្យមេដឹកនាំនៃបណ្តាប្រទេសអាស៊ីធ្វើការរួមគ្នាដើម្បីដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែនផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


