យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងបោះផ្សាយមូលបត្ររដ្ឋជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងទំហំទឹកប្រាក់ចំនួន ៣០០លានដុល្លារ នេះបើយោងតាមការឱ្យដឹងរបស់លោក ម៉ាង សុភារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិ និងគ្រប់គ្រងបំណុលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាសមាជិកក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនិយោបាយស្ដីពីការអភិវឌ្ឍន៍មូលបត្ររដ្ឋ។
ថ្លែងឱ្យដឹងក្នុងកម្មវិធី «កិច្ចពិគ្រោះយោបល់ស្ដីពី ការស្ទាបស្ទង់ទីផ្សារអំពីតម្រូវការមូលបត្ររដ្ឋ» ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នេះ លោក ម៉ាង សុភារ៉ា បានឱ្យដឹងថា មូលបត្ររដ្ឋនឹងត្រូវបានបោះផ្សាយជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២២ នេះ ប៉ុន្តែសម្រាប់ថ្ងៃជាក់លាក់នឹងត្រូវផ្សព្វផ្សាយលើគេហទំព័រ របស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍មូលបត្ររដ្ឋ និងដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ចំពោះមុខ រាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយបឋមស្ដីពីការអភិវឌ្ឍន៍មូលបត្ររដ្ឋកាលពីថ្ងៃ០១ ខែតុលា ឆ្នាំ២០២១។ ក្របខណ្ឌគោលនយោបាយបឋមនេះ បានដាក់ចេញនូវវិធានការណ៍គោលនយោបាយ និងផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តជំហាននៃការបោះផ្សាយមូលបត្ររដ្ឋ ជាពិសេសផែនការសកម្មភាពបន្ទាន់ចំពោះមុខ និងរយៈពេលខ្លី សំដៅឈានទៅបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទីផ្សារជាលើកដំបូងបាននៅឆ្នាំ២០២២។
លោកបានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏កំពុងបន្តរៀបចំផងដែរ នូវក្របខណ្ឌគោលនយោបាយរួមស្ដីពីការអភិវឌ្ឍន៍មូលបត្ររដ្ឋ សំដៅកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយសម្រាប់បោះផ្សាយ និងជួញដូរមូលបត្ររដ្ឋ៕

ប្រភព៖ ក្រសួងព័ត៌មាន


