ក្រុមហ៊ុន ថាមពលយក្សរុស្ស៊ី Gazprom បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានផ្អាកការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅឱ្យ GasTerra ដោយសារតែពាណិជ្ជករហូឡង់មួយនេះ បានបដិសេធមិនបង់ប្រាក់ជាប្រាក់រូប។ GasTerra ដែលជាកម្មសិទ្ធិមួយផ្នែករបស់រដ្ឋ និងពាណិជ្ជកម្មក្នុងនាមរដ្ឋាភិបាលបាននិយាយថា GasTerra នឹងមិនព្រមជាមួយការទាមទារនៃការទូទាត់របស់ក្រុមហ៊ុន Gazprom ឡើយ។
ក្រុមហ៊ុនហូឡង់បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទថា “ការមិនបង់ឱ្យរុសស្ស៊ីជាប្រាក់រូប គឺដោយសារតែការធ្វើដូច្នេះនឹងប្រថុយនឹងការបំពានទណ្ឌកម្មដែលដាក់ដោយសហភាពអឺរ៉ុប និងដោយសារតែមានហានិភ័យផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការច្រើនពេកដែលទាក់ទងនឹងការបង់ប្រាក់ដែលត្រូវការ” ។ ជាពិសេស ការបើកគណនីនៅទីក្រុងមូស្គូក្រោមច្បាប់រុស្ស៊ី និងការគ្រប់គ្រងរបស់ពួកគេដោយរបបរុស្ស៊ី បង្កហានិភ័យខ្លាំងពេក”។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលហូឡង់បាននិយាយថា ខ្លួនយល់ពីការសម្រេចចិត្តរបស់ក្រុមហ៊ុន GasTerra មិនគោរពតាមការទាមទាររបស់ក្រុមហ៊ុន Gazprom ក្នុងការបង់ប្រាក់ជាប្រាក់រូប។ រដ្ឋាភិបាលហូឡង់និយាយនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសនេះមានទុនបម្រុងឧស្ម័នគ្រប់គ្រាន់សម្រាប់រយៈពេលខ្លី ហើយគ្រោងនឹងនាំចូលឧស្ម័នធម្មជាតិរាវបន្ថែមទៀតពីប្រទេសផ្សេងក្រៅពីប្រទេសរុស្ស៊ី។
មិនតែប់ុណ្ណោះរដ្ឋមន្ត្រីក្រសួងអាកាសធាតុ និងថាមពលហូឡង់ លោក Rob Jetten បាននិយាយនៅលើ Twitter កាលពីថ្ងៃចន្ទថា ការសម្រេចចិត្តនេះមិនមានផលវិបាកសម្រាប់ការផ្គត់ផ្គង់ឧស្ម័នដល់គ្រួសារហូឡង់ទេ។ ហូឡង់ពឹងផ្អែកលើប្រទេសរុស្ស៊ីតែប្រហែល ១៥% នៃការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនប៉ុណ្ណោះ នេះបើយោងតាម Reuters ។
យ៉ាងណាមិញ មិនមែនមានតែហូឡង់មួយទេ ដែលត្រូវរុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័ន ខណៈប្រទេសដាណឺម៉ាកអាចនឹងជាប្រទេសបន្ទាប់ដែលត្រូវផ្អាក ដោយសារក្រុមហ៊ុនថាមពល Orsted របស់ប្រទេសនេះ កំពុងបដិសេធការបង់ប្រាក់ជាប្រាក់រ៉ូប។ គួរបញ្ជាក់ផងដែរថា នៅក្នុងក្រឹត្យមួយកាលពីថ្ងៃទី៣១ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទាមទារឱ្យមានការបង់ប្រាក់ឧស្ម័នធម្មជាតិជាប្រាក់រូប ដែលនឹងតម្រូវឱ្យបើកគណនីប្រាក់អឺរ៉ូ និងរូបិយបណ្ណរូប ជាមួយធនាគារ Gazprombank ក្នុងទីក្រុងម៉ូស្គូ ដើម្បីដំណើរការការទូទាត់៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


