អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាមកំពុងសម្លឹងមើលលទ្ធភាពក្នុងការធ្វើការរួមគ្នា ដំឡើងតម្លៃអង្ករ ដើម្បីបង្កើនអំណាចក្នុងការទិញរបស់ពួកគេនៅក្នុងទីផ្សារពិភពលោក។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បានជួបជាមួយមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
លោក Thanakorn បាននិយាយថា ពួកគេបានពិភាក្សាលើបញ្ហាជាច្រើន រួមទាំងការលើកកម្ពស់សន្តិសុខស្បៀង ដើម្បីបង្កើនតម្លៃកសិផល និងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មនៅក្នុងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ពួកគេក៏បានគិតគូរបង្កើនកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនកសិកម្ម ដើម្បីធានាការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៃផលិតផលដែលអាចខូចនៅលើគោក និងតាមផ្លូវសមុទ្ររវាងប្រទេសថៃ ឡាវ និងវៀតណាមទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត។
លោកបានបន្ថែមថា នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បានណែនាំភ្នាក់ងារពាក់ព័ន្ធឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការនាំចេញអង្កររបស់ថៃ។ ដោយឡែកលោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍បាននិយាយថា តម្លៃអង្ករនៅលើទីផ្សារពិភពលោកមានកម្រិតទាបក្នុងរង្វង់ ៣០០-៤០០ ដុល្លារអាមេរិកក្នុងមួយតោនអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ខណៈដែលតម្លៃផលិតកម្មបានបន្តកើនឡើង។
លោកបន្តថា ប្រសិនបើប្រទេសថៃ និងវៀតណាម ដែលជាប្រទេសនាំចេញអង្ករដ៏ធំរបស់ពិភពលោក ធ្វើការរួមគ្នាដើម្បីដំឡើងតម្លៃអង្ករ ពួកគេនឹងមានអំណាចក្នុងការទិញបន្ថែមទៀត ដើម្បីគ្រប់គ្រងពាណិជ្ជកម្មអង្ករពិភពលោក ហើយកសិករដែលធ្វើស្រែចម្ការរបស់ពួកគេនឹងរកប្រាក់ចំណូលបានកាន់តែច្រើន។
ទោះជាយ៉ាងក្ដី លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានមិនយល់ស្របនឹងគំនិតនេះឡើយ ដោយនិយាយថា ការនាំចេញអង្ករគឺជាពាណិជ្ជកម្មសេរីដែលពាក់ព័ន្ធនឹងការប្រកួតប្រជែងជាសកល ហើយគ្មាននរណាម្នាក់គួរព្យាយាមកែតម្រូវតម្លៃនោះទេ។
លោកបានបន្តបកស្រាយថា ឥណ្ឌាជាប្រទេសនាំចេញអង្ករធំមួយទៀតជាង ២០លានតោនក្នុងមួយឆ្នាំ បើធៀបនឹង៦លានតោនពីថៃ និងវៀតណាម។ ដូច្នេះប្រសិនបើថៃ និងវៀតណាម រួមគ្នាដំឡើងថ្លៃអង្ករ តើនឹងមានអ្វីកើតឡើង ប្រសិនបើប្រទេសផ្សេងទៀតជ្រើសរើសទិញអង្ករពីឥណ្ឌា និងអ្នកនាំចេញអង្ករផ្សេងទៀត ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងប៉ាគីស្ថាន៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


