ល្អមែនទែន! សមាគមបារាំង ៣ រួមគ្នាសង់គម្រោងកែច្នៃភក់ចេញពីលាមកមនុស្ស ធ្វើជាជីផ្គត់ផ្គង់ឱ្យវិស័យកសិកម្មជួយដល់កសិករកម្ពុជា
សេដ្ឋកិច្ច May 25, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង ហៅកាត់ថា (AIMF) សហជីពអន្តរខេត្តសម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស¬ហៅកាត់ថា (SIAAP) ទីភ្នាក់ងារធនធានទឹក តំបន់ណកម៉ង់ឌីហៅកាត់ថា (ASEN) បានរួមគ្នាអនុវត្តន៍នូវគម្រោងផលិតជីសរីរាង្គក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តន៍គម្រោងមានចំនួន ១,៧០០,០០០អឺរ៉ូ (ប្រមាណ ១.៨លានដុល្លារ) ដោយរដ្ឋបាលខេត្ត សៀមរាប ជាម្ចាស់គម្រោង។

លោក ប្រាក់ សោភ័ណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Arianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានដំណើរការជាផ្លូវការ គម្រោងផលិត ជីសរីរាង្គនេះ។ គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ជីមមោគ កែច្នៃភក់ដែលចេញ ពីកាកសំណល់មនុស្ស(លាមក) បង្កើតខ្សែសង្វាក់ទីផ្សារ ជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការវិស័យកសិកម្ម។ កែលម្អអនាម័យសាធារណៈ និងក្របខ័ណ្ឌទូទៅនៃការ គ្រប់គ្រងភក់ចេញពីលូទឹកសម្អុយ។

ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយ កែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាព ផ្ទុកបាន៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន ១០០០ម៉ែត្រគូប ក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពទឹកដែលហូរចេញពីអាងចម្រោះឡើយ។

លោក ប្រាក់ សោភ័ណ បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់ សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់នៅក្នុងក្រុងសៀមរាប បានធ្វើឱ្យក្រុងមានសោភណភាពល្អ ធ្វើឱ្យទឹកហូរបានលឿនចៀសវាងទឹក លិចក្រុង ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ ជីវភាពប្រជាកសិករ។

លោកបានបន្តថា ជីមមោគនេះមានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះទៅ ធ្វើឱ្យដីនោះមានជីវជាតិអាចធ្វើឱ្យកសិករបង្កបង្កើនផលបាន។ សម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល ៤ទៅ៥ឆ្នាំទើប បានផល។
លោកអភិបាលរងបានជំរុញឱ្យក្រុមការងារពន្លឿន នៃការសាងសង់ ដើម្បីឱ្យគម្រោង ឆាប់បានដំណើរការខ្សែសង្វាក់នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្មកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន