យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រធានសមាគមទេសចរណ៍ថា ភ្ញៀវទេសចរវៀតណាម និងថៃ នឹងក្លាយជា ភ្ញៀវទេសចរជួរមុខគេ ក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន ដែលមកទស្សនាកម្ពុជាច្រើនជាងគេ បន្ទាប់ពីមន្ត្រីជំនាញក្នុងឧស្សាហ៍កម្មនេះ ព្យាករណ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ នឹងកើនដល់១លាននាក់នៅឆ្នាំ២០២២នេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានឱ្យដឹង នៅថ្ងៃអង្គារ ទី២៤ ខែឧសភានេះថា ក្រោយការសម្រួលនូវល័ក្ខខ័ណ្ឌធ្វើដំណើរ ក៏ដូចជា ដកចេញនូវរបាំងធ្វើតេសសុខភាពកូវីដ១៩ រួមជាមួយនឹងការបើកនូវជើងហោះហើរឡើងវិញ ជាបន្តបន្ទាប់នោះ កម្ពុជា ទទួលបាននូវកំណើនភ្ញៀវទេសចរកើនឡើងជាហូរហែ ហើយក្នុង នោះយើងសង្កេតឃើញថា ទេសចរវៀតណាម និងថៃ ឈរនៅជួរមុខគេដែលធ្វើដំណើរ មកកាន់កម្ពុជា ស្របពេលដែលប្រទេសទាំងពីរនេះ ជាប្រទេសជិតខាងកម្ពុជាផង និងជា ប្រទេស ដែលបានប្រកាសបើកដំណើរការសេដកិច្ចឡើងវិញបណ្ដើរៗហើយ រួមនឹងការ សម្រួលនូវល័ក្ខខ័ណ្ឌធ្វើដំណើរមួយចំនួនផងដែរ។
លោកជំទាវបញ្ជាក់ថា ទីផ្សារភ្ញៀវទេសចរចិន អាចនឹងមិនទាន់វិលត្រលប់មកកម្ពុជា ច្រើនភ្លាមៗបានទេ ដោយសារស្ថានភាព និងល័ក្ខខ័ណ្ឌ មិនទាន់អំណោយផល ដូច្នេះ យើងក៏ មិនអាចរង់ចាំតែទីផ្សារចិនមួយមុខនោះទេ គឺត្រូវព្យាយាមពង្រឹង និងផ្សាយពីគោលដៅ ទេសចរ ទៅកាន់ប្រទេសជាសមាជិកអាស៊ានដដៃផ្សេងទៀត ដើម្បីឈានទៅសម្រេចឱ្យ បាននូវការព្យាករណ៍ទុករបស់ក្រសួងទេសចរណ៍ ដែលនឹងទាក់ទាញឱ្យបាន ១លាននាក់ នៅឆ្នាំ២០២២នេះ។
ទាក់ទិននឹងវិស័យទេសចរណ៍នេះដែរ តាមរយៈការដាក់ចេញកម្មវិធីគម្រោង សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់១៥០លាន ដុល្លារអាម៉េរិកជាមួយអត្រាការប្រាក់សម្បទានដ៏មានសារៈសំខាន់ និងទាន់ពេលវេលានេះ និងជួយសម្រួលដោះស្រាយដល់ការលំបាកទាំងឡាយ របស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ពីកូវីដ១៩កន្លងមក ហើយត្រូវការដើមទុន សម្រាប់ពង្រឹងអាជីវកម្ម របស់ខ្លួនឡើងវិញ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កន្លងមកបានគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា កំពុងចាប់ផ្តើមងើបទ្បើងវិញជាបណ្តើរៗ ក្រោយរាជរដ្ឋាភិបាល ប្រកាសបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តា ទ្បីស័កកាលពីដើម ខែវិច្ឆិកា ឆ្នាំ២០២១ ត្រឹមតែរយៈពេល៤ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួល បានទេសចរអន្តរជាតិចំនួន២៤ម៉ឺននាក់ កើនទ្បើង១៩១.៥៥ភាគរយ ធៀបនឹងរយៈពេល ដូចគ្នា ឆ្នាំ២០២១ រីឯ ទេសចរផ្ទៃក្នុង ក៏មានការកើនឡើងផងដែរ ដោយគិតត្រឹមតែក្នុង ៤ខែ ដើមឆ្នាំនេះ មានទេសចរ ផ្ទៃក្នុងប្រមាណជិត ៥លាននាក់។
គួរបញ្ជាក់ថា ក្រោយវិបត្តិកូវីដ១៩ ចំនូនទេសចរអន្តរជាតិពិសេសទេសចរផ្ទៃ ក្នុងអាស៊ានអាចនឹងកើនឡើងជាងនេះ នៅពេលដែលរបាំងសុខាភិបាល និងការសម្រួលការ ធ្វើដំណើរ និងការដឹកជញ្ជូនបានកាន់តែងាយស្រួល ដោយក្នុងនោះកំណើនភ្ញៀវទេសចរ អន្តរជាតិត្រូវបានប៉ាន់ស្មានថា និងកើនចន្លោះពី៨០ម៉ឺននាក់ ទៅ១លាននាក់ ចំណែក ទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់៕


ប្រភព៖ ក្រសួងព័ត៌មាន


