ប្រទេសថៃ នឹងលុបចោលការតម្រូវឱ្យធ្វើចត្តាឡីស័កលើភ្ញៀវទេសចរបរទេស ដែលមិនបានចាក់វ៉ាក់សាំងនៅចុងខែនេះ
ទេសចរណ៍ May 23, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា​ ប្រទេសថៃនឹងលុបចោលការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទសចរបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬ ចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ប៉ុន្តែពួកគេតម្រូវឱ្យធ្វើតេស្តរហ័ស antigen kit (ATK) នៅអាកាសយានដ្ឋាននៅពេលមកដល់។

ការផ្លាស់ប្ដូរនេះ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយក្រៅពីការលុបចោលការធ្វើចត្តាឡីស័ក វិធានការផ្សេងទៀតក៏បានផ្លាស់ប្ដូរដែរក្នុងនោះរួមមាន៖ ការបញ្ចប់តម្រូវការ Thailand Pass សម្រាប់ប្រជាជនថៃដែលត្រឡប់មកប្រទេសថៃ ប៉ុន្តែមិនមែនសម្រាប់ជនបរទេសនោះឡើយ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យ (CCSA) បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ថា ការតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលប្រាំថ្ងៃសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងរួច លើអ្នកដំណើរបរទេសតាមយន្តហោះនឹងត្រូវលុបចោលនៅចុងខែនេះ។

លោកបានបន្តថា ទោះមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែពួកគេត្រូវតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់ជាមួយបុគ្គលិកសុខាភិបាលដែលមានវិជ្ជាជីវៈ និងមានសិទ្ធិក្នុងការចេញវិញ្ញាបនបត្រលទ្ធផលតេស្តកូវីដ-១៩។​ ជាមួយគ្នានេះ ពួកគេត្រូវតម្រូវឱ្យទិញការធានារ៉ាប់រងសុខភាពចំនួន ១០,០០០ ដុល្លារអាមេរិក មុនពេលពួកគេចាកចេញទៅកាន់ប្រទេសថៃ ដូច្នេះប្រសិនបើតេស្តឃើញវិជ្ជមាន ពួកគេនឹងត្រូវព្យាបាលនៅមន្ទីរពេទ្យក្រោមការធានារ៉ាប់រងសុខភាពការធ្វើដំណើររបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរបរទេសដែលមិនបានចាក់វ៉ាក់សាំង និងអ្នកចាក់សាំងរួចមួយចំនួន ត្រូវតម្រូវឱ្យស្នាក់នៅក្នុងសណ្ឋាគារដែលបានកំណត់រយៈពេលប្រាំថ្ងៃ រួមទាំងតម្រូវឱ្យធ្វើតេស្ត (PCR) ប្រសិនបើពួកគេមិនមានវិញ្ញាបនបត្រធ្វើតេស្ត RT-PCR នៅពេលមកដល់។ ជាមួយគ្នានេះ ការបញ្ចប់នៃការធ្វើចត្តាឡីស័កឆ្លុះបញ្ចាំងពីភាពបន្ទាន់នៃតម្រូវការ ដើម្បីតាមឱ្យទាន់គូប្រជែងក្នុងតំបន់ក្នុងការទាក់ទាញភ្ញៀវបរទេស។

ជាក់ស្ដែងក្នុងឆ្នាំនេះ ប្រទេសថៃបានទទួលភ្ញៀវបរទេសត្រឹមតែមួយលាននាក់ប៉ុណ្ណោះមកទល់ពេលបច្ចុប្បន្ននេះ ប៉ុន្តែចំនួននេះនៅតែច្រើនជាងពីរដងកាលពីឆ្នាំមុនដែលមានចំនួនជិត ៤៣០,០០០នាក់ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យអន្តោប្រវេសន៍ និងក្រសួងទេសចរណ៍ និងកីឡា៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost